៦៥
ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជានិច្ច
តែ​គ្មាន​នរណា​សាក​សួរ​អ្វី​ពី​យើង​ទេ។
យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន
តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។
ប្រជាជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ
ទោះ​បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។​
២ រៀង​រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេ
តែ​ប្រជារាស្ត្រ​នេះ​រឹង​ចចេស​ណាស់
គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់
និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។
៣ ជាតិ​សាសន៍​នេះ​ធ្វើ​អោយ​យើង​ទាស់​ចិត្ត​ជានិច្ច
ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើង
ពួក​គេ​ធ្វើ​យញ្ញបូជា​នៅ​ក្នុង​សួន​ឧទ្យាន
ហើយ​អុជ​ធូប​បន់​ព្រះ​ក្លែងក្លាយ
នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។
៤ ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច
ពេល​យប់​គេ​ដេក​នៅ​តាម​រូង​គុហា​
គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ
នៅ​ក្នុង​ចាន​របស់​ខ្លួន។
៥ អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា:
“ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំ
ក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ
ធ្វើ​អោយ​អ្នក​ឯង​ស្លាប់!”
ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​អោយ​កំហឹង​របស់
យើង​កាន់​តែ​ឆេះឆួល​ឡើង​ថែម​ទៀត។
៦ យើង​បាន​កត់ត្រា​ទាំង​អស់​ទុក
យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ
យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។
៧  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
យើង​កត់ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា
និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា
ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែងក្លាយ
នៅ​តាម​ភ្នំ​ទាំងឡាយ
ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។
យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់
ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល
អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។
៨  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា:
ពេល​អ្នក​ចំការ​ឃើញ​ទំពាំងបាយជូរ​មាន​ផ្លែ​ល្អ
គេ​ពោល​ថា “កុំ​បំផ្លាញ​អោយ​សោះ
ព្រោះ​ទំពាំងបាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។
ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ
ដោយ​យល់​ដល់​ពួក​អ្នក​បំរើ​របស់​យើង
យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។
៩ យើង​នឹង​ធ្វើ​អោយ​មាន​ពូជពង្ស​មួយ
កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប
ហើយ​អោយ​ម្នាក់​ដែល​គ្រប់គ្រង​លើ
ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។
អស់​អ្នក​ដែល​យើង​ជ្រើស​រើស
នឹង​គ្រប់គ្រង​លើ​ទឹក​ដី​នេះ
អ្នក​បំរើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។
១០ ប្រជាជន​ដែល​ស្វែង​រក​យើង​នឹង​ទទួល
វាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម
ហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជំរក​សំរាប់​ហ្វូង​គោ។
១១ រីឯ​អ្នក​រាល់​គ្នា​ដែល​បោះ​បង់​ចោល​ព្រះអម្ចាស់
អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង
ហើយ​បែរ​ជា​ទៅ​រៀបចំ​ម្ហូប​សែន​ព្រះ​កាដ
និង​ច្រួចស្រា​សែន​ព្រះមេនី
១២ យើង​នឹង​អោយ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ
អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​អោយ​គេ​អារ ក
ដ្បិត​យើង​បាន​ហៅ​តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ
យើង​បាន​និយាយ​តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ
ផ្ទុយ​ទៅ​វិញ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ
ដែល​យើង​យល់​ថា​អាក្រក់
គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។
១៣ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាអម្ចាស់
មាន​ព្រះបន្ទូល​ថា៖
«អ្នក​បំរើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ
តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន
អ្នក​បំរើ​របស់​យើង​នឹង​មាន​ទឹក​ផឹក
តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក
អ្នក​បំរើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ
តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។
១៤ អ្នក​បំរើ​របស់​យើង​នឹង​ស្រែក​ហ៊ោ
ព្រោះ​គេ​សប្បាយ​ចិត្ត
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ
ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត
អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។
១៥ ប្រជាជន​ដែល​យើង​បាន​ជ្រើស​រើស
នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា សំរាប់​ដាក់​បណ្ដាសា
ថា “សូម​ព្រះជាអម្ចាស់​ធ្វើ​អោយ​អ្នក​ស្លាប់
ដូច​ជន​នេះ ឬ​ជន​នោះ”។
រីឯ​អ្នក​បំរើ​របស់​យើង​វិញ
គេ​នឹង​ជូន​ពរ​គ្នា​ដោយ​ប្រើ​នាម​ថ្មី។
១៦ នៅ​ក្នុង​ស្រុក​អ្នក​ណា​ចង់​ជូន​ពរ
ត្រូវ​ជូន​ពរ​ក្នុង​នាម​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ
ហើយ​នរណា​ចង់​ស្បថ
ត្រូវ​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។
ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​កាល​ពី​មុន
នឹង​លែង​មាន​ទៀត​ហើយ
យើង​ក៏​លែង​នឹក​នា​ពី​ការ​ទាំង​នោះ​ទៀត​ដែរ»។
ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី
១៧ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី
អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន
គេ​លែង​នឹក​នា​ទៀត​ហើយ
គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។
១៨ ចូរ​អរ​សប្បាយ​ឡើង
ចូរ​សប្បាយ​រីករាយ​រហូត​ត​ទៅ
ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក
គឺ​យើង​បង្កើត​ក្រុង​យេរូសាឡឹម
ដែល​មាន​អំណរ​សប្បាយ​រីករាយ
យើង​បង្កើត​ប្រជាជន​នៅ​ក្រុង​នេះ
ដែល​មាន​អំណរ។
១៩ ក្រុង​យេរូសាឡឹម​នឹង​ធ្វើ​អោយ​យើង
សប្បាយ​រីករាយ
ប្រជាជន​របស់​យើង​ក៏​ធ្វើ​អោយ​យើង​រីករាយ
ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សំរែក​យំ​សោក​ទៀត​ហើយ
២០ នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ
បួន​ដប់​ថ្ងៃ​ទៀត​ដែរ
ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង​
អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ
មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ
រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ
គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។
២១ ពេល​នោះ គេ​នឹង​សង់​ផ្ទះ
ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ
គេ​ដាំ​ដំណាំ​ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ
២២ គឺ​គេ​មិន​សង់​ផ្ទះ​អោយ​អ្នក​ផ្សេង​មក​នៅ
គេ​មិន​ដាំ​ដំណាំ​ទុក​អោយ​អ្នក​ផ្សេង
បរិភោគ​ផល​ឡើយ
ដ្បិត​ប្រជារាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង
ដូច​អាយុ​ដើម​ឈើ​ធំៗ
អស់​អ្នក​ដែល​យើង​ជ្រើស​រើស
នឹង​ប្រើប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត​។
២៣ គេ​នឹង​មិន​ធ្វើ​ការ​នឿយហត់​ជា​អសារបង់
ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក
ដើម្បី​អោយ​ត្រូវ​អន្តរាយ​ដែរ
ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជពង្ស​មួយ
ដែល​ព្រះអម្ចាស់​ប្រទាន​ពរ
កូន​ចៅ​របស់​គេ​នឹង​គង់វង្ស​នៅ​ជា​មួយ​គេ។
២៤ ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ
មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត
ពេល​ពួក​គេ​កំពុង​តែ​ទូលអង្វរ​នោះ
យើង​សំរេច​តាម​ពាក្យ​សុំ​របស់​គេ
រួច​ស្រេច​ទៅ​ហើយ។
២៥ ពេល​នោះ ចចក និង​កូន​ចៀម
នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា
សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។
រីឯ​សត្វ​ពស់​វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។
គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា
នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់