លិខិតទីមួយរបស់
លោកយ៉ូហាន
១
ព្រះបន្ទូលនៃជីវិត
១ ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់
២ (ដ្បិតជីវិតនេះបានលេចមកអោយយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចដែលបែរទៅរក ព្រះបិតា និងលេចមកអោយយើងឃើញ)។
៣ យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីអោយបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះអង្គ។
៤ យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។
ព្រះជាម្ចាស់ជាពន្លឺ
៥ ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ដ* ហើយយកមកជំរាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈ ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។
៦ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។
៧ ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជំរះយើងអោយបានបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។
អំពើបាប និងការអត់ទោស
៨ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។
៩ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ទ្រង់នឹងអត់ទោសយើងអោយរួចពីបាប ព្រមទាំងជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។
១០ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។