១៣
១ ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ
ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក
ហើយខ្ញុំក៏បានយល់។
២ អ្វីៗដែលអស់លោកដឹង ខ្ញុំក៏ដឹងដែរ
គឺខ្ញុំមិនអន់ជាងអស់លោកទេ។
៣ ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ
ព្រះជាម្ចាស់តែប៉ុណ្ណោះ
៤ ដ្បិតអស់លោកចេះតែយកការកុហក
មកឡូកឡំជាមួយការពិត
អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
៥ ប្រសិនបើអស់លោកនៅស្ងៀម
នោះដូចជាមានប្រាជ្ញាជាង!
៦ ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់
ពាក្យតវ៉ារបស់ខ្ញុំសិន។
៧ តើអស់លោកពោលពាក្យមិនត្រឹមត្រូវ
ក្នុងនាមព្រះជាម្ចាស់
ហើយនិយាយពាក្យមិនពិត
ក្នុងនាមព្រះអង្គកើតឬ?
៨ តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់
ហើយចង់តវ៉ាជំនួសព្រះអង្គឬ?
៩ ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក
តើព្រះអង្គអាចឃើញការល្អ
នៅក្នុងអស់លោកឬទេ?
តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់
ដូចបញ្ឆោតមនុស្សឬ?
១០ ប្រសិនបើអស់លោកមានគំនិតកាន់ជើង
ដោយលួចលាក់នោះ
ព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។
១១ ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ
នឹងធ្វើអោយអស់លោកញ័ររន្ធត់
ព្រះអង្គនឹងធ្វើអោយអស់លោកភ័យតក់ស្លុត។
១២ ពាក្យដែលអស់លោកនិយាយ
សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ
ពាក្យដែលអស់លោកលើកយកមកតវ៉ា
ប្រៀបបាននឹងភក់។
១៣ សូមអស់លោកនៅស្ងៀម
ទុកអោយខ្ញុំនិយាយផង!
បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ
ទុកអោយកើតទៅចុះ!
១៤ ខ្ញុំមិននឹកស្ដាយខ្លួនទេ
គឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។
១៥ ព្រះអង្គមុខជាប្រហារខ្ញុំ
ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ
ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះព្រះភក្ត្រព្រះអង្គ។
១៦ ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត
ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ
នៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបានឡើយ។
១៧ សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យដែលខ្ញុំនឹងថ្លែង
សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
១៨ ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំ
ព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។
១៩ តើនរណាចង់ចោទប្រកាន់ខ្ញុំ?
ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម
ហើយអត់ដង្ហើមអោយស្លាប់។
២០ ប៉ុន្តែ សូមព្រះអង្គមេត្តាអនុញ្ញាតតាម
សំណូមពរពីររបស់ទូលបង្គំ
នោះទូលបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភក្ត្រ
របស់ព្រះអង្គទៀតឡើយ
២១ គឺសូមដកព្រះហស្ដចេញពីទូលបង្គំ
ហើយក៏កុំធ្វើអោយទូលបង្គំ
ភ័យតក់ស្លុតទៀតដែរ។
២២ បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល
មកកាន់ទូលបង្គំចុះ
ទូលបង្គំនឹងឆ្លើយតបវិញ
ឬមួយសូមទុកអោយទូលបង្គំនិយាយមុន
រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។
២៣ តើកំហុស និងអំពើបាបរបស់ទូលបង្គំ
មានចំនួនច្រើនប៉ុនណា?
សូមប្រាប់អោយទូលបង្គំដឹងពីអំពើទុច្ចរិត
និងអំពើបាបរបស់ទូលបង្គំផង។
២៤ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រនឹងទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ជាសត្រូវនឹងព្រះអង្គដូច្នេះ?
២៥ ទូលបង្គំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត
ដែលប៉ើងតាមខ្យល់
តើព្រះអង្គដេញតាមប្រហារទូលបង្គំធ្វើអ្វី?
២៦ ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ
ដែលទូលបង្គំប្រព្រឹត្ត
ព្រះអង្គអោយទូលបង្គំទទួលខុសត្រូវលើកំហុស
ដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។
២៧ ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ
ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់
ដែលទូលបង្គំប្រព្រឹត្ត
សូម្បីតែដានជើងទូលបង្គំ
ក៏ព្រះអង្គតាមពិនិត្យមើលដែរ។
២៨ រូបកាយទូលបង្គំប្រៀបបាននឹងឈើពុក
ឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។