១៨
ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​ប៊ីលដាដ: អន្ទាក់​របស់​មនុស្ស​អាក្រក់
១ លោក​ប៊ីលដាដ ជា​អ្នក​ស្រុក​ស៊ូអា
ពោល​ឡើង​ថា៖
២ «តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សំដី​បែប​នេះ
ដល់​ពេល​ណា​ទៀត?
ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។
៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បណ្ដោយ​អោយ
គាត់​ចាត់​ទុក​យើង​ដូច​សត្វ​ធាតុ?
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចាត់​ទុក​យើង ដូច​មនុស្ស​ល្ងីល្ងើ?
៤ ឱ​លោក​ដែល​អារ​សាច់​ខ្លួន​ឯង ព្រោះ​តែ​កំហឹង​អើយ
តើ​គួរ​អោយ​ផែនដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន
និង​អោយ​ផ្ទាំង​ថ្ម​រមៀល ព្រោះ​តែ​លោក​ឬ?
៥ ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់
ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រាន​របស់​គេ​ក៏​លែង​ភ្លឺ​ដែរ។
៦ ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យ
ចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។
៧ ជំហាន​ដ៏​មាំមួន​របស់​គេ​បែរ​ជា​ឃ្លីងឃ្លោង
គំរោងការ​របស់​គេ​នឹង​ធ្វើ​អោយ​គេ​ជំពប់​ដួល
៨ ដ្បិត​ជើង​របស់​គេ​ឈាន​ទៅ​រក​អន្ទាក់
គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​រណ្ដៅ។
៩ ក​ជើង​របស់​គេ​ជាប់​អន្ទាក់
ហើយ​ចំណង​រួតរឹត​គេ។
១០ មាន​អង្គប់​បង្កប់​ចាំ​ចាប់​គេ
ហើយ​ក៏​មាន​អន្ទាក់​នៅ​តាម​ផ្លូវ​របស់​គេ​ដែរ។
១១ ការ​ភ័យ​ខ្លាច​ឡោមព័ទ្ធ​ជុំវិញ​គេ
ព្រម​ទាំង​ដេញ​កិត​ពី​ក្រោយ​គេ​ជានិច្ច។
១២ គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លាន
ទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។
១៣ ស្បែក​របស់​គេ​ដាច់​ជា​ដុំៗ
ហើយ​ដំបៅ​ក៏​ស៊ី​រូង​ដៃ​ជើង​របស់​គេ​ដែរ។
១៤ សេចក្ដី​ស្លាប់​ដក​គេ​ចេញ​ពី​លំនៅ
ដែល​ជា​ទី​ទុក​ចិត្ត​របស់​គេ
ហើយ​នាំ​គេ​ទៅ​ជួប​មច្ចុរាជ។
១៥ នរណា​ក៏​អាច​មក​រស់​ក្នុង​លំនៅ​របស់​គេ​បាន​ដែរ
ព្រោះ​ជា​លំនៅ​ដែល​គ្មាន​ម្ចាស់។
គេ​រាយ​ស្ពាន់ធ័រ​ពេញ​ទី​លំនៅ​របស់​គេ។
១៦ ឫស​របស់​គេ​ត្រូវ​ងាប់
ហើយ​មែក​ខ្ចីៗ​របស់​គេ​ត្រូវ​ស្លោក។
១៧ គ្មាន​នរណា​នឹក​នា​ដល់​គេ​នៅ​ផែនដី​ទៀត​ឡើយ
ហើយ​ក៏​គ្មាន​នរណា​និយាយ​ពី​ឈ្មោះ​របស់​គេ​ទៀត​ដែរ។
១៨ មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹត
ព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។
១៩ គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោម
ប្រជាជន​របស់​ខ្លួន
ហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ
គ្មាន​នរណា​ម្នាក់​នៅ​សេសសល់​ឡើយ។
២០ ពី​ទិស​ខាង​កើត​រហូត​ដល់​ទិស​ខាង​លិច
អស់​អ្នក​ដែល​បាន​ឮ​ពី​ការ​វេទនា​របស់​គេ
នឹង​នាំ​គ្នា​ស្រឡាំងកាំង ហើយ​តក់ស្លុត។
២១ មនុស្ស​អាក្រក់ មិន​ស្គាល់​ព្រះជាម្ចាស់
រមែង​ជួប​មហន្តរាយ​បែប​នេះ​ឯង!»។