ប្រសាសន៍​របស់​លោក​អេលីផាស: អ្នក​ដែល​ត្រូវ​ព្រះជាម្ចាស់​ស្ដី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន!
១ លោក​អេលីផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖
២ «ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់
តើ​លោក​ធុញទ្រាន់​នឹង​ស្ដាប់​ឬ​ទេ?
ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត?
៣ លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើន
ហើយ​លោក​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន
អោយ​មាន​កម្លាំង​ឡើង​វិញ​ដែរ។
៤ ពាក្យ​ដែល​លោក​មាន​ប្រសាសន៍
បាន​ធ្វើ​អោយ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ
លោក​ក៏​បាន​ធ្វើ​អោយ​អ្នក​ដែល​ទន់​ជង្គង់
អាច​ឈរ​មាំមួន​ឡើង​វិញ​ដែរ។
៥ ឥឡូវ​នេះ ដល់​វេន​លោក
លោក​បែរ​ជា​បាក់​ទឹក​ចិត្ត
ពេល​ហេតុការណ៍​នេះ​កើត​មាន​ដល់​លោក
លោក​បែរ​ជា​វិលវល់​ក្នុង​ចិត្ត​ទៅ​វិញ។
៦ លោក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់
ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់
ដូច្នេះ ចូរ​មាន​សង្ឃឹម និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ។
៧ សូម​លោក​គិត​មើល​ចុះ​ថា
តើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យ
ហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ?
៨ ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់
សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិត
រមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជានិច្ច
៩ គឺ​ពួក​គេ​វិនាស​ដោយសារ​ព្រះពិរោធ​របស់
ព្រះជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។
១០ ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា
តែ​ព្រះអម្ចាស់​នឹង​បំបិទ​មាត់
ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។
១១ សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ
កូន​របស់​វា​នឹង​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិសទី។
១២ ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗ
ហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ
យ៉ាង​ស្រាលៗ។
១៣ ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់
គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់លក់​ឥត​ដឹង​ខ្លួន។
១៤ ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់ញ័រ​សព្វ​សព៌ាង្គកាយ
១៥ គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង
ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ព្រឺ​សម្បុរ។
១៦ មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ខ្ញុំ
តែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេ
មាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំ
ហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះ
ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា:
១៧ “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់
សុចរិត​ជាង​ព្រះជាម្ចាស់
តើ​គេ​បរិសុទ្ធ​ជាង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?
១៨ សូម្បី​តែ​ពួក​ទេវតា ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ក៏​ព្រះអង្គ​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយ
ព្រោះ​ព្រះអង្គ​ទត​ឃើញ​គេ​មាន​កំហុស
១៩ នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋ
កើត​មក​ពី​ធូលី​ដី
ហើយ​ដែល​គេ​អាច​ជាន់​កំទេច​ដូច​ដង្កូវ​នេះ
តើ​អោយ​ព្រះអង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន?
២០ ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយ
ហើយ​វិនាស​សូន្យ​ទៅ
ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។
២១ ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់
គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។