១២
១ បពិត្រព្រះអម្ចាស់
ព្រះអង្គសុចរិតពន់ពេកណាស់
ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ
ជាមួយព្រះអង្គបានទេ។
ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ
របស់ព្រះអង្គ
ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន
ក្នុងគ្រប់គំរោងការដែលគេគិតគូរធ្វើ?
ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ
យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
២ ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស
ចំរើនឡើង និងមានផ្លែផ្កា។
ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់
តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។
៣ ឱព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំ
ព្រះអង្គទតឃើញទូលបង្គំ
ព្រះអង្គឈ្វេងយល់ថា
ទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។
រីឯអ្នកទាំងនោះវិញ
សូមព្រះអង្គយកពួកគេចេញ
ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត
សូមញែកពួកគេទុកដោយឡែក
សំរាប់ថ្ងៃប្រហារជីវិត។
៤ តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចំការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សីត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ព្រះអង្គមិនឃើញដែរ!”។
៥ «បើអ្នកពុំអាចរត់ប្រណាំងនឹង
មនុស្សថ្មើរជើងបានផង
ធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន?
បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែល
មានសន្តិសុខផង
ធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃ
ជិតទន្លេយ័រដាន់?
៦ សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
ព្រះអម្ចាស់បោះបង់ចោលព្រះវិហារ និងប្រជាជនរបស់ព្រះអង្គ
៧ យើងបោះបង់ចោលដំណាក់របស់យើង
យើងលះបង់ចោលកេរមត៌ករបស់យើង
យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
៨ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់
ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ
គឺគេគ្រហឹមដាក់យើង
ហេតុនេះហើយបានជាយើងឈប់
ស្រឡាញ់គេទៀត។
៩ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់
ប្រៀបបាននឹងបក្សីចំរុះពណ៌
ដែលត្មាតចោមរោមគ្រប់ទិសទី។
ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មាន
ហើយនាំពួកវាមកស៊ីសាកសព។
១០ ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន
ចំការទំពាំងបាយជូររបស់យើង
ពួកគេជាន់កំទេចចំការរបស់យើង
ពួកគេបានបំផ្លាញចំការដ៏ល្អរបស់យើង
អោយក្លាយទៅជាទីស្មសាន
និងវិនាសហិនហោចអស់។
១១ ពិតមែនហើយ ពួកគេបានធ្វើអោយចំការនេះ
វិនាសហិនហោច គួរអោយស្រណោះ។
នៅចំពោះមុខយើង មានសុទ្ធតែការហិនហោច
ស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់
គ្មាននរណាម្នាក់រវីរវល់នឹងចំការនេះឡើយ។
១២ នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថាន
ពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។
ដាវរបស់ព្រះអម្ចាស់នឹងប្រហារស្រុកនេះ
ពីជាយដែនម្ខាងទៅជាយដែនម្ខាង គ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។
១៣ ពួកគេសាបព្រោះស្រូវ
លុះដល់ពេលច្រូត គេទទួលបានតែបន្លា
គេខំប្រឹងប្រែងធ្វើការ
ដោយឥតបានទទួលផលអ្វីឡើយ។
អ្នករាល់គ្នានឹងត្រូវខ្មាស
ដោយសារផលនៃចំរូត
ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
ព្រះបន្ទូលចំពោះនគរជិតខាងអ៊ីស្រាអែល
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកអោយអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។
១៥ ប៉ុន្តែ ក្រោយយើងដកពួកគេចេញពីទឹកដីនោះហើយ យើងនឹងអាណិតមេត្តាពួកគេសាជាថ្មី យើងនាំពួកគេវិលត្រឡប់ទៅកាន់ទឹកដីជាចំណែកមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
១៦ ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “ព្រះអម្ចាស់មានព្រះជន្មគង់នៅ” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើងអោយស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។
១៧ ផ្ទុយទៅវិញ ប្រសិនបើប្រជាជាតិណាមិនព្រមស្ដាប់បង្គាប់ទេ យើងនឹងដកពួកគេចេញ ហើយប្រហារពួកគេអោយវិនាសសូន្យ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។