៣៤
ព្រះបន្ទូល​ស្ដី​អំពី​ស្ដេច​សេដេគា
១ នៅ​គ្រា​ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​កងទ័ព​ទាំង​មូល ព្រម​ទាំង​នគរ​ទាំង​ប៉ុន្មាន និង​ប្រជាជន​ទាំង​អស់ ដែល​ជា​ចំណុះ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នាំ​គ្នា​លើក​ទ័ព​មក​វាយ​លុក​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ក្រុង​នានា​នៅ​ជុំវិញ​ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ:
២  ព្រះអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​សេដេគា​ជា​ស្ដេច​ស្រុក​យូដា​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង។ ៣ រីឯ​អ្នក​វិញ​អ្នក​ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ​បាន​ឡើយ។ គេ​នឹង​ចាប់​ចង​អ្នក​ប្រគល់​ទៅ​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ផ្ទាល់​នឹង​ភ្នែក ស្ដេច​នោះ​នឹង​និយាយ​ទល់​មុខ​គ្នា​ជា​មួយ​អ្នក ហើយ​អ្នក​ត្រូវ​ទៅ​ស្រុក​បាប៊ីឡូន”»។
៤ បពិត្រ​ព្រះករុណា​សេដេគា​ជា​ស្ដេច​ស្រុក​យូដា សូម​ទ្រង់​សណ្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ព្រះករុណា​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ដោយ​មុខ​ដាវ​ឡើយ ៥ តែ​អ្នក​នឹង​ស្លាប់​តាម​សំរួល។ គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ដូច​គេ​ដុត​សំរាប់​ដូនតា និង​ស្ដេច​ឯ​ទៀតៗ​ដែល​សោយ​រាជ្យ​មុន​អ្នក​ដែរ។ គេ​យំ​កាន់​ទុក្ខ​អ្នក​ដោយ​រៀប​រាប់​ថា: “គួរ​អនិច្ចា ព្រះករុណា​ជា​អម្ចាស់! យើង​ប្រាប់​អ្នក​អោយ​ដឹង​ជា​មុន”» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៦ ព្យាការី​យេរេមា​ក៏​នាំ​ព្រះបន្ទូល​ទាំង​នោះ ទៅ​ទូល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូសាឡឹម។ ៧ ពេល​នោះ កងទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​វាយ​លុក​ក្រុង​យេរូសាឡឹម និង​ក្រុង​ឯ​ទៀតៗ​នៅ​ស្រុក​យូដា ព្រម​ទាំង​ក្រុង​ឡាគីស និង​ក្រុង​អាសេកា​ជា​ក្រុង​មាន​កំពែង​រឹងមាំ ហើយ​កំពុង​តែ​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​នៅ​ឡើយ។
អំពី​ការ​ដោះ​លែង​ទាសករ
៨ នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ថ្លែង​មក​កាន់​លោក​យេរេមា ក្រោយ​ពេល​ដែល​ព្រះបាទ​សេដេគា​ចេញ​បញ្ជា​អោយ​ប្រជាជន​ទាំង​មូល​នៅ​ក្រុង​យេរូសាឡឹម​ធ្វើ​កិច្ច​សន្យា​ដោះ​លែង​ទាសករ ៩ គឺ​ប្រជាជន​គ្រប់ៗ​រូប​ត្រូវ​ដោះ​លែង​ទាសាទាសី​របស់​ខ្លួន​ដែល​ជា​ជាតិ​ហេប្រឺ។ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទុក​ជន​ជាតិ​យូដា​ដែល​ជា​បង​ប្អូន​របស់​ខ្លួន ជា​ទាសករ​ត​ទៅ​ទៀត​ឡើយ។ ១០ មន្ត្រី និង​ប្រជាជន​ទាំង​អស់ ដែល​ចូល​រួម​ចុះ​កិច្ច​សន្យា​នោះ​នាំ​គ្នា​អនុវត្ត​តាម ហើយ​ដោះ​លែង​ទាសាទាសី​របស់​ខ្លួន គឺ​ម្នាក់ៗ​អនុវត្ត​តាម​កិច្ច​សន្យា ដោយ​បើក​អោយ​ទាសករ​ទាំង​នោះ​មាន​សេរីភាព។ ១១ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ដូរ​គំនិត ហើយ​ចាប់​ពួក​ទាសាទាសី​ដែល​ខ្លួន​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​អោយ​ធ្វើ​ជា​ទាសាទាសី​ដូច​ដើម។
១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ ១៣ «យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ទាសករ។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា: ១៤ “ប្រាំពីរ​ឆ្នាំ​ម្ដង​អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន​ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បំរើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​អោយ​មាន​សេរីភាព”។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រងត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។ ១៥ រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរីភាព​អោយ​បង​ប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា​នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។ ១៦ ប៉ុន្តែ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​បែរ​ជា​ដូរ​គំនិត ហើយ​ប្រមាថ​នាម​របស់​យើង ដោយ​ចាប់​ទាសាទាសី​ដែល​អ្នក​រាល់​គ្នា​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​អោយ​ធ្វើ​ជា​ទាសាទាសី​ដូច​ដើម»។
១៧ ហេតុ​នេះ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​បង្គាប់​យើង ក្នុង​ការ​ដោះ​លែង​បង​ប្អូន​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន​ទេ​នោះ យើង​ក៏​នឹង​បណ្ដោយ​អោយ​សង្គ្រាម ជំងឺ​អាសន្នរោគ និង​ទុរ្ភិក្ស​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ពេល​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ឃើញ​អ្នក​រាល់​គ្នា​គេ​នឹង​តក់ស្លុត​យ៉ាង​ខ្លាំង។ ១៨ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង​ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។ ១៩ យើង​នឹង​ប្រគល់​ពួក​មន្ត្រី​នៅ​ស្រុក​យូដា ពួក​មន្ត្រី​នៅ​ក្រុង​យេរូសាឡឹម ពួក​មហាតលិក ពួក​បូជាចារ្យ និង​ប្រជាជន​នៅ​ស្រុក​ទាំង​មូល ដែល​បាន​ដើរ​កាត់​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​របស់​កូន​គោ​នោះ ២០ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ សាកសព​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។ ២១ យើង​នឹង​ប្រគល់​សេដេគា ជា​ស្ដេច​ស្រុក​យូដា និង​ពួក​មន្ត្រី ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ និង​ក្នុង​កណ្ដាប់​ដៃ​កងទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ទោះ​បី​កងទ័ព​បាប៊ីឡូន​ដក​ថយ​មួយ​រយៈ​សិន​ក៏​ដោយ​។ ២២ យើង​នឹង​បញ្ជា​អោយ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​អោយ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន​គ្មាន​ប្រជាជន​រស់​នៅ»។