៣
ការបែងចែកសំណង់ក្រុងយេរូសាឡឹម
១ នៅគ្រានោះលោកអេលីយ៉ាស៊ីបជាមហាបូជាចារ្យបានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។
២ នៅក្បែរពួកលោកមានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មកមានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។
៣ កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
៤ នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មកមានលោកសាដុក ជាកូនរបស់លោកបាណា។
៥ នៅក្បែរនោះ មានអ្នកស្រុកតូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។
៦ លោកយ៉ូយ៉ាដា ជាកូនរបស់លោកផាសេហា និងលោកមស៊ូឡាម ជាកូនរបស់លោកបេសូឌា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
៧ នៅក្បែរនោះមានលោកមេឡាទាជាអ្នកស្រុកគីបៀន លោកយ៉ាដោនអ្នកស្រុកម៉េរូន ព្រមទាំងអ្នកឯទៀតៗពីក្រុងគីបៀន និងក្រុងមីសប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេសាភិបាល របស់អាណាខេត្តនៅខាងលិចទន្លេអឺប្រាត។
៨ នៅក្បែរពួកគេ មានលោកអ៊ូស៊ាល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មកមានលោកហាណានា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។
៩ លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហ៊ើរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។
១០ បន្ទាប់មក មានលោកយ៉ាដាយ៉ា ជាកូនរបស់លោកហារូម៉ាបធ្វើការផ្នែកដែលនៅខាងមុខផ្ទះគាត់។ លោកហាធូស ជាកូនរបស់លោកហាសាបនាធ្វើការនៅក្បែរគាត់។
១១ លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។
១២ នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។
១៣ លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
១៤ លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
១៥ លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះគាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរ ចុះមកពីបុរីព្រះបាទដាវីឌ។
១៦ បន្ទាប់ពីគាត់មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។
១៧ បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាបយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។
១៨ បន្ទាប់មកមានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។
១៩ បន្ទាប់មកលោកអេស៊ើរជាកូនរបស់លោកយេសួរ និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសស្រ្ដាវុធត្រង់មុមកំពែង។
២០ បន្ទាប់ពីគាត់មានលោកបារូក ជាកូនរបស់លោកសាប់បាយ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។
២១ បន្ទាប់មក មានលោកម្រេម៉ូតជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូសជួសជុល មួយផ្នែកទៀតចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។
២២ បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។
២៣ បន្ទាប់មក មានលោកបេនយ៉ាមីន និងលោកហាស៊ូប ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់ពួកគេ។ បន្ទាប់មក មានលោកអសារា ជាកូនរបស់លោកម៉ាសេយ៉ា និងជាចៅរបស់លោកអណានា ជួសជុលនៅក្បែរផ្ទះរបស់គាត់។
២៤ បន្ទាប់មកទៀត មានលោកប៊ីនុយជាកូនរបស់លោកហេណាដាឌ ជួសជុលមួយផ្នែកទៀត ចាប់ពីផ្ទះរបស់លោកអសារា រហូតដល់ជ្រុង និងរហូតដល់មុមកំពែង។
២៥ លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មកមានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។
២៦ ក្រុមអ្នកបំរើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។
២៧ បន្ទាប់មក មានអ្នកស្រុកតូអាជួសជុលមួយផ្នែកទៀត គឺពីមុខនឹងប៉មធំដែលលយចេញ រហូតដល់ជញ្ជាំងអូផែល។
២៨ នៅខាងលើទ្វារសេះ ពួកបូជាចារ្យជួលជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។
២៩ បន្ទាប់មក លោកសាដុកជាកូនលោកអ៊ីមមើរ ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់លោក។ បន្ទាប់ពីលោកមានលោកសេម៉ាយ៉ាជាកូនរបស់លោកសេកានា ជាឆ្មាំទ្វារខាងកើត។
៣០ បន្ទាប់មក មានលោកហាណានា ជាកូនរបស់លោកសេលេមា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប ជួសជុលកំពែងមួយផ្នែកទៀត។ បន្ទាប់មក មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា ជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់លោក។
៣១ បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបំរើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។
៣២ ពួកជាងរចនាគ្រឿងអលង្ការ និងអ្នកជំនួញ នាំគ្នាជួសជុលផ្នែកដែលនៅចន្លោះបន្ទប់ខាងលើនៃមុមកំពែង និងទ្វារចៀម។