២
ព្រះគ្រិស្ដបន្ទាបខ្លួន និងទទួលសិរីរុងរឿង
១ ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ដ ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានអោយបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា
២ សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។
៣ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។
៤ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។
៥ ព្រះគ្រិស្ដយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។
៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់
ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្ដាប់
ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់
មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជា
មនុស្សសាមញ្ញដែរ។
៨ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា
រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង
ថែមទៀតផង។
៩ ហេតុនេះហើយបានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានអោយព្រះអង្គ
មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០ ដើម្បីអោយអ្វីៗទាំងអស់
ទាំងនៅស្ថានបរមសុខ*
ទាំងនៅលើផែនដី ទាំងនៅក្រោមដី
នាំគ្នាក្រាបថ្វាយបង្គំ
នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១ និងអោយមនុស្សគ្រប់ភាសាប្រកាសឡើងថា
ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់
ជាព្រះបិតា។
គ្រិស្ដបរិស័ទជាពន្លឺពិភពលោក
១២ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
១៣ ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើអោយបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។
១៤ ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ
១៥ ដើម្បីអោយបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
១៦ ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកអោយពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្ដយាងមកព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។
១៧ ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
១៨ រីឯបងប្អូនវិញ សូមអោយបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
បេសកកម្មរបស់លោកធីម៉ូថេ និងលោកអេប៉ោប្រូឌីត
១៩ ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថានឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយខ្ញុំបានធូរស្បើយក្នុងចិត្តដោយទទួលដំណឹងពីបងប្អូន
២០ ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។
២១ អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។
២២ បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបំរើដំណឹងល្អ។
២៣ ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។
២៤ ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
២៥ ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ អោយមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់អោយមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
២៦ គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។
២៧ គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំអោយខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
២៨ ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់អោយមកជួបបងប្អូន ដើម្បីអោយបងប្អូនមានអំណរសប្បាយដោយឃើញគាត់សាជាថ្មី ហើយអោយខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។
២៩ សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង
៣០ ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ដ គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។