២៦
ព្រះបាទអូសៀសឡើងគ្រងរាជ្យជាស្ដេចស្រុកយូដា
(២ពង្សាវតារក្សត្រ ១៤:២១-២២, ១៥:១-៣)
១ ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអូសៀស ដែលមានព្រះជន្មដប់ប្រាំមួយវស្សា អោយឡើងគ្រងរាជ្យបន្តពីព្រះបាទអម៉ាស៊ីយ៉ាជាបិតា។
២ ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់អោយនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។
៣ ព្រះបាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
៤ ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ាជាបិតាដែរ។
ព្រះបាទអូសៀសបែកចិត្តចេញពីព្រះអម្ចាស់
៥ ព្រះបាទអូសៀសយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្ដេចអោយគោរពកោតខ្លាចព្រះជាម្ចាស់។ ដរាបណាស្ដេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានអោយស្ដេចបានចំរុងចំរើនជានិច្ច។
៦ ស្ដេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាសដូឌ។ ស្ដេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និងក្នុងទឹកដីភីលីស្ទីន។
៧ ព្រះជាម្ចាស់ជួយស្ដេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
៨ ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្ដេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានឫទ្ធិអំណាចយ៉ាងខ្លាំង។
៩ ព្រះបាទអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។
១០ ស្ដេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្ដេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្ដេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយនៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្ដេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។
១១ ព្រះបាទអូសៀសមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយីអែលជាស្មៀនហ្លួង និងលោកម៉ាសេយ៉ា ជាមន្ត្រីរដ្ឋបាលបានជំរឿន ហើយដឹកនាំដោយលោកហាណានា ជាមេទ័ពរបស់ស្ដេច។
១២ ទាហានដ៏អង់អាចទាំងនោះ ស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២ ៦០០ រូប
១៣ និងមានចំនួនទាំងអស់ ៣០៧ ៥០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។
១៤ ព្រះបាទអូសៀសបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សំរាប់បាញ់គ្រួសអោយទាហានគ្រប់ៗរូប។
១៥ នៅក្រុងយេរូសាឡឹម ស្ដេចអោយជាងដ៏ជំនាញផលិតគ្រឿងសស្រ្ដាវុធដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្ដេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្ដេចយ៉ាងច្រើនបំផុត ធ្វើអោយស្ដេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។
ព្រះបាទអូសៀសកើតរោគឃ្លង់
១៦ ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្ដេចក៏មានអំនួត រហូតដល់បណ្ដាលអោយស្ដេចត្រូវវិនាស។ ស្ដេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្ដេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូប នៅលើអាសនៈថ្វាយគ្រឿងក្រអូប។
១៧ លោកបូជាចារ្យអសារាចូលមកតាមក្រោយស្ដេច ដោយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាចមកជាមួយផង។
១៨ លោកទាំងនោះឈរនៅមុខស្ដេចទូលថា៖ «បពិត្រព្រះករុណាអូសៀស ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសំរាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។
១៩ ព្រះបាទអូសៀសកាន់ពានសំរាប់ដុតគ្រឿងក្រអូប ហើយពេលស្ដេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យ ក្បែរអាសនៈដុតគ្រឿងក្រអូបក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
២០ លោកមហាបូជាចារ្យអសារា និងបូជាចារ្យទាំងអស់ បែរទៅឃើញស្ដេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្ដេចចេញមកក្រៅជាបន្ទាន់។ រីឯស្ដេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្ដេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្ដេច។
២១ ព្រះបាទអូសៀសកើតឃ្លង់ រហូតដល់ថ្ងៃដែលទ្រង់អស់ព្រះជន្ម។ ដោយស្ដេចកើតឃ្លង់ដូច្នេះ ទ្រង់ត្រូវគង់នៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានឡើយ។ សម្ដេចយ៉ូថាមជាបុត្រមានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
២២ ព្យាការីអេសាយជាកូនរបស់លោកអម៉ូសបានកត់ត្រាទុក នូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀសតាំងពីដើមដល់ចប់។
២៣ ព្រះបាទអូសៀសសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្ដេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រឡើងស្នងរាជ្យ។