៣៥
ព្រះបាទយ៉ូសៀសរៀបចំពិធីបុណ្យចម្លង*
(២ពង្ស.២៣:២-២៣)
១ ព្រះបាទយ៉ូសៀសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀម ធ្វើពិធីបុណ្យចម្លងនៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។
២ ស្ដេចបានតែងតាំងក្រុមបូជាចារ្យ អោយបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេអោយយកចិត្តទុកដាក់បំរើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
៣ ស្ដេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជន នៅស្រុកអ៊ីស្រាអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្ដេចស្រុកអ៊ីស្រាអែលបានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះចូរបំរើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបំរើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទៅ។
៤ ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះបាទដាវីឌជាស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្របានចងក្រងជាក្បួនតម្រាទុកមកស្រាប់។
៥ ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងអោយក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រាអែល។
៦ ចូរសម្លាប់សត្វដែលត្រូវថ្វាយសំរាប់ពិធីបុណ្យចម្លង ហើយញែកខ្លួនអោយបានវិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យចម្លងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈលោកម៉ូសេ»។
៧ ព្រះបាទយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្ដេចផ្ទាល់ ដើម្បីថ្វាយជាយញ្ញបូជាក្នុងពិធីបុណ្យចម្លងសំរាប់ប្រជាជនដែលនៅទីនោះ។
៨ ពួកមន្ត្រីរបស់ស្ដេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែលជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកចៀម ២ ៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមបូជាចារ្យសំរាប់ពិធីបុណ្យចម្លង។
៩ លោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាបយ៉ា លោកយីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ ក្បាល ព្រមទាំងគោ ៥០០ ក្បាល ប្រគល់ជូនក្រុមលេវី សំរាប់ពិធីបុណ្យចម្លង។
១០ ពិធីបុណ្យចាប់ផ្ដើមដូចតទៅ: ក្រុមបូជាចារ្យឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្ដេច។
១១ គេសម្លាប់សត្វដែលត្រូវថ្វាយក្នុងឱកាសបុណ្យចម្លង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមបូជាចារ្យ ហើយបូជាចារ្យក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។
១២ គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សំរាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីអោយពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។
១៣ គេអាំងសាច់កូនចៀមដែលថ្វាយសំរាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចំអិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
១៤ បន្ទាប់មក ក្រុមលេវីចំអិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសំរាប់ខ្លួនឯងផង និងសំរាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអើរ៉ុនផង។
១៥ ក្រុមចំរៀងជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាគ្រូទាយរបស់ស្ដេចបានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។
១៦ នៅថ្ងៃនោះគេបានចាត់ចែងពិធីបុណ្យថ្វាយព្រះអម្ចាស់តាមរបៀបនេះឯង គឺគេប្រារព្ធធ្វើពិធីបុណ្យចម្លង ដោយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈ ស្របតាមបញ្ជារបស់ព្រះបាទយ៉ូសៀស។
១៧ ប្រជាជនអ៊ីស្រាអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។
១៨ តាំងពីជំនាន់ព្យាការីសាំយូអែល គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះនៅស្រុកអ៊ីស្រាអែលទេ ហើយក៏ពុំមានស្ដេចស្រុកអ៊ីស្រាអែលអង្គណា ប្រារព្ធបុណ្យចម្លងដូចព្រះបាទយ៉ូសៀស ក្រុមបូជាចារ្យ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹមនៅពេលនោះដែរ។
១៩ គេប្រារព្ធពិធីបុណ្យចម្លងនេះ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូសៀស
(២ពង្ស.២៣:២៨-៣០)
២០ ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលព្រះបាទយ៉ូសៀសជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះចៅនេកោជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកើកេមីស នៅតាមដងទន្លេអឺប្រាត ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។
២១ ប៉ុន្តែ ព្រះចៅនេកោចាត់អ្នកនាំសារអោយមកទូលព្រះបាទយ៉ូសៀសថា៖ «បពិត្រព្រះមហាក្សត្រស្រុកយូដា តើទូលបង្គំ និងព្រះករុណាមានរឿងអ្វីនឹងគ្នា? ទូលបង្គំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងព្រះករុណាទេ គឺទូលបង្គំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ទូលបង្គំទេតើ។ ព្រះជាម្ចាស់បង្គាប់ទូលបង្គំអោយទៅយ៉ាងរូតរះ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះជាម្ចាស់ដែលគង់នៅជាមួយទូលបង្គំឡើយ ក្រែងលោព្រះអង្គធ្វើអោយព្រះករុណាវិនាស»។
២២ ប៉ុន្តែ ព្រះបាទយ៉ូសៀសនៅតែចង់តទល់នឹងព្រះចៅនេកោ គឺស្ដេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកោ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្ដេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្ដេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។
២៣ ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីប បានបាញ់ចំព្រះបាទយ៉ូសៀស។ ស្ដេចបញ្ជាទៅរាជបំរើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។
២៤ រាជបំរើលើកស្ដេចចេញពីរាជរថដែលស្ដេចជិះ ដាក់ក្នុងរាជរថមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្ដេចក៏សោយទិវង្គត ហើយគេបញ្ចុះសពស្ដេចក្នុងផ្នូររបស់ព្រះរាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។
២៥ លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ព្រះបាទយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំលឹកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
២៦ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូសៀស និងភក្ដីភាពដែលស្ដេចសំដែងចំពោះព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់
២៧ គឺកិច្ចការផ្សេងៗដែលស្ដេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។