១៣
ក្រណាត់ក្រវាត់ចង្កេះ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ២ ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះអម្ចាស់។
៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖ ៤ «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ ៥ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។ ៦ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាតយកក្រណាត់ដែលយើងបានបង្គាប់អោយអ្នកលាក់នោះ មកវិញ!»។ ៧ ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ប្រើការលែងកើត។
៨ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ៩ «យើងនឹងធ្វើអោយចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹមបានដូចក្រណាត់ពុកនោះដែរ។ ១០ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួនដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបំរើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមអោយពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត! ១១ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីអោយពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ស្រាទំពាំងបាយជូរ និងព្រះពិរោធ
១២ «ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “ធម្មតាគេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។ ១៣ ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូលរហូតដល់ស្រវឹង។ ១៤ យើងនឹងបណ្ដាលអោយពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនអោយកំទេចពួកគេឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលព្រមាន
១៥ ពេលព្រះអម្ចាស់មានព្រះបន្ទូល
ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់
កុំវាយឫកខ្ពស់អោយសោះ!
១៦ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
មុនពេលព្រះអង្គនាំភាពងងឹតចូលមក
ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ
ដែលគ្របដណ្ដប់ដោយភាពអន្ធការ។
អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ
តែព្រះអង្គបានធ្វើអោយថ្ងៃនោះក្លាយទៅជា
យប់ដ៏សែនងងឹត
ព្រះអង្គធ្វើអោយពន្លឺថ្ងៃនោះក្លាយទៅជា
ពពកដ៏ខ្មៅងងឹត។
១៧ ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ
នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ
ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។
ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង
ព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់
ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
១៨ ចូរទូលស្ដេច និងមាតារបស់ស្ដេចថា:
“សូមគង់ផ្ទាល់នឹងដីទៅ!
ដ្បិតមកុដរាជ្យរបស់ព្រះករុណា
បានធ្លាក់ចុះពីសិរសាហើយ”។
១៩ ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូង
បិទអស់ហើយ គ្មាននរណាមកបើកទៀតទេ
ជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជា
ឈ្លើយសឹកអស់គ្មានសល់។
២០ «យេរូសាឡឹមអើយ ចូរងើបមុខឡើង
សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង
តើហ្វូងចៀមដែលយើងបានប្រគល់អោយអ្នក
គឺប្រជាជនដែលធ្លាប់ធ្វើអោយអ្នកបានខ្ពស់មុខ
ទៅណាបាត់អស់ហើយ?
២១ អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត
ពេលពួកគេមកបំផ្លាញអ្នក
តើអ្នកថ្លែងដូចម្ដេចទៅ?
អ្នកនឹងឈឺចាប់យ៉ាងខ្លាំង
ដូចស្ត្រីដែលហៀបនឹងសំរាលកូន។
២២ ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជា
ព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?”
នោះតោងដឹងថា
ខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នក
និងរំលោភលើអ្នកដូច្នេះ
ព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។
២៣ តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ
ហើយខ្លារខិនអាចដូរស្នាមនៅលើ
ស្បែករបស់វាបានឬទេ?
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ
អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់
ហើយពុំអាចប្រព្រឹត្តល្អបានឡើយ។
២៤ យើងនឹងកំចាត់កំចាយអ្នករាល់គ្នា
ដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថាន
ផាត់យកទៅ។
២៥ យេរូសាឡឹមអើយ
នេះជាទារុណកម្មដែលយើងបម្រុងទុកសំរាប់អ្នក
ដ្បិតអ្នកបានបំភ្លេចយើង
ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៦ យើងនឹងលាត់សំពត់របស់អ្នកឡើង
រហូតដល់ក្បាល
ដើម្បីអោយគេឃើញកេរខ្មាសរបស់អ្នក។
២៧ យើងបានឃើញការផិតក្បត់ តំរេកតណ្ហា
និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក
នៅតាមកំពូលភ្នំ និងនៅតាមទីវាល
យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម
របស់អ្នក!
យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន
ព្រោះអ្នកមិនព្រមជំរះខ្លួនអោយបានបរិសុទ្ធទេ
តើនៅដូច្នេះដល់កាលណាទៀត?»។