១៤
ព្រះបន្ទូល​នៅ​គ្រារាំង​ស្ងួត
១ នេះ​ជា​សេចក្ដី​ដែល​ព្រះអម្ចាស់
មាន​ព្រះបន្ទូល​មក​កាន់​លោក
យេរេមា​នៅ​គ្រារាំង​ស្ងួត។
២ ប្រជាជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ
ទីក្រុង​របស់​គេ​ធ្លាក់​ដុនដាប
ហើយ​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ។
សំរែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូសាឡឹម
លាន់​ឮ​ឡើង។
៣ ពួក​អ្នក​ធំ​ប្រើ​អ្នក​តូចតាច​អោយ​ទៅ​រក​ទឹក
ពេល​អ្នក​ទាំង​នោះ​ទៅ​ដល់​ស្រះ
ពុំ​ឃើញ​មាន​ទឹក​សោះ។
គេ​ត្រឡប់​មក​វិញ ក្អម​ទទេ
ហើយ​ខក​ចិត្ត អាម៉ាស់
និង​អស់​សង្ឃឹម​ទៀត​ផង។
៤ អ្នក​ស្រែ​ចំការ​ខក​ចិត្ត​ជា​ខ្លាំង
ហើយ​អស់​សង្ឃឹម​ដោយ​ឃើញ​ដី​បែក​ក្រហែង
ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​ទេ។
៥ សូម្បី​តែ​ប្រើស​នៅ​តាម​ព្រៃ​ក៏​បោះ​បង់​ចោល
កូន​របស់​វា​ដែល​ទើប​នឹង​កើត​មក​នោះ​ដែរ
ព្រោះ​គ្មាន​ស្មៅ​សំរាប់​ជា​ចំណី​ឡើយ។
៦ សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំ
ហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃ
ភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។
 
៧ ឱ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់
សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង
ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ!
យើង​ខ្ញុំ​បាន​ក្បត់​ព្រះអង្គ​ជា​ច្រើន​ដង
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។
៨ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល
ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ
នៅ​ពេល​មាន​អាសន្ន។
ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​នៅ​ព្រងើយ
ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក
ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?
៩ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ហាក់​ដូច​ជា
មនុស្ស​គ្មាន​កម្លាំង​កំហែង
ឬ​ដូច​វីរបុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ
អ្នក​ដទៃ​ទៀត​ដូច្នេះ?
ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​គង់​នៅ
កណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ
យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ
សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។
១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ប្រជាជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះអម្ចាស់​មិន​គាប់​ព្រះហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះអង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះអង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។
១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង អោយ​ត្រា​ប្រណី​ប្រជាជន​នេះ​ធ្វើ​អ្វី! ១២ ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​អោយ​វិនាស​ដោយសារ​សង្គ្រាម ដោយសារ​ទុរ្ភិក្ស និង​ដោយសារ​អាសន្នរោគ»។
១៣ ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះជាអម្ចាស់ ពួក​ព្យាការី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ​ព្រះអម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​ដ៏​ពេញលេញ​ក្នុង​ស្រុក​នេះ”»។
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​អោយ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្តហេតុ​ដ៏​អស្ចារ្យ​ក្លែងក្លាយ ពាក្យ​ទស្សន៍ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ​ដែល​ជា​ការ​បោក​ប្រាស់។ ១៥ ហេតុ​នេះ​ហើយ​បាន​ជា​យើង ដែល​ជា​ព្រះអម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយសារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។ ១៦ រីឯ​ប្រជាជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ព្យាការី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយសារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាកសព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូសាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។
១៧ ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា:
“ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ
ឥត​ស្រាកស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារី
គឺ​ក្រុង​នៃ​ប្រជាជន​របស់​យើង
ត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។
១៨ ពេល​ចេញ​ទៅ​ស្រុក​ស្រែ
យើង​ឃើញ​សុទ្ធ​តែ​សាកសព
ដែល​ស្លាប់​ដោយ​មុខ​ដាវ
ពេល​ចូល​ក្នុង​ទីក្រុង
យើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។
ព្យាការី និង​បូជាចារ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក
តែ​ពុំ​យល់​អ្វី​ឡើយ”»។
១៩ ឱ​ព្រះអម្ចាស់​អើយ
តើ​ព្រះអង្គ​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ?
តើ​ព្រះអង្គ​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​វាយ​យើង​ខ្ញុំ​អោយ​របួស
មើល​មិន​ជា​ដូច្នេះ?
យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ
តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ
យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះស្បើយ
តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។
២០ ឱ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​សូម​សារភាព​ថា
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ដូនតា​របស់​យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត
អំពើ​ទុច្ចរិត​ដែរ។
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង
ព្រះហឫទ័យ​របស់​ព្រះអង្គ។
២១ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ
សូម​មេត្តា​កុំ​បំបាក់​មុខ​យើង​ខ្ញុំ
សូម​កុំ​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម
ដែល​ជា​បល្ល័ង្ក​ដ៏​រុងរឿង​របស់​ព្រះអង្គ
ត្រូវ​អាម៉ាស់។
សូម​នឹក​ចាំ​ពី​សម្ពន្ធមេត្រី
ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​យើង​ខ្ញុំ
សូម​កុំ​ផ្ដាច់​សម្ពន្ធមេត្រី​នេះ​ឡើយ។
២២ ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់
ប្រជាជាតិ​ទាំងឡាយ
គ្មាន​ព្រះ​ណា​អាច​ធ្វើ​អោយ​ភ្លៀង​ធ្លាក់​បាន​ទេ!
សូម្បី​តែ​មេឃ​ផ្ទាល់
ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។
ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន
យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ
ត្បិត​ហេតុការណ៍​ទាំង​នេះ​កើត​មក​ពី​ព្រះអង្គ។