៣២
លោកយេរេមាទិញដីមួយកន្លែង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលព្រះចៅនេប៊ូក្នេសា។ ២ ពេលនោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯព្យាការីយេរេមាត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចស្រុកយូដា។ ៣ ព្រះបាទសេដេគាជាស្ដេចស្រុកយូដា អោយគេយកលោកទៅឃុំឃាំងទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។ ៤ សេដេគាជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់ ៥ ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគា ទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
៦ លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: ៧ ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចំការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេយកមកធ្វើជាកម្មសិទ្ធិ”»។ ៨ លោកហាណាមាលជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចំការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេយកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ ៩ ខ្ញុំក៏ទិញដីចំការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងអោយគាត់។ ១០ ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រាដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។ ១១ បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។ ១២ ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះ ទៅអោយលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមាលជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។ ១៣ ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេដូចតទៅ៖ ១៤ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកអោយបានយូរ។ ១៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចំការទំពាំងបាយជូរបន្តទៅទៀត”»។
ពាក្យអធិស្ឋានរបស់លោកយេរេមា
១៦ ក្រោយបានប្រគល់លិខិតបញ្ជាក់ទិញដីទៅបារូក ជាកូនរបស់លោកនេរីយ៉ារួចហើយ ខ្ញុំក៏ទូលអង្វរព្រះអម្ចាស់ដូចតទៅ: ១៧ បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត? ១៨ ព្រះអង្គសំដែងព្រះហឫទ័យប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយព្រះចេស្ដា។ ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ១៩ គំរោងការរបស់ព្រះអង្គប្រសើរពន់ពេកក្រៃ ហើយព្រះអង្គអាចនឹងសំរេចគំរោងការទាំងនោះបាន។ ព្រះអង្គពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយព្រះអង្គសងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
២០ កាលពីដើមព្រះអង្គសំដែងអោយគេស្គាល់ព្រះអង្គ ដោយធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗនៅស្រុកអេស៊ីប។ សព្វថ្ងៃនេះព្រះអង្គក៏សំដែងអោយគេស្គាល់ព្រះអង្គ ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងមនុស្សជាតិទាំងមូលដែរ។ ព្រះនាមរបស់ព្រះអង្គបានល្បីល្បាញ ដូចយើងខ្ញុំឃើញសព្វថ្ងៃស្រាប់។ ២១ ព្រះអង្គធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយព្រះចេស្ដាបារមីដ៏គួរអោយស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីប។ ២២ ព្រះអង្គប្រគល់ទឹកដីនេះអោយពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកបុព្វបុរស គឺស្រុកដ៏សម្បូណ៌សប្បាយ។ ២៣ ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់អោយធ្វើនោះឡើយ។ ហេតុនេះហើយ បានជាព្រះអង្គអោយគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
២៤ ជនជាតិខាល់ដេកំពុងតែលើកទួលព័ទ្ធជុំវិញ ដើម្បីវាយយកទីក្រុង។ ក្រុងនេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង គឺពួកគេវាយលុកធ្វើអោយប្រជាជនស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ព្រះបន្ទូលដែលព្រះអង្គប្រកាសពិតជាសំរេចជារូបរាងដូចព្រះអង្គទតឃើញស្រាប់។ ២៥ ឱព្រះជាអម្ចាស់អើយ ក្រុងនេះជិតធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេហើយ ហេតុអ្វីបានជាព្រះអង្គប្រាប់អោយទូលបង្គំយកប្រាក់ទិញដីចំការ ដោយមានសាក្សីដឹងឮទៅវិញ?
ចម្លើយរបស់ព្រះអម្ចាស់
២៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ ២៧ «យើងជាព្រះអម្ចាស់ជាព្រះរបស់មនុស្សលោកទាំងមូល គ្មានការអស្ចារ្យអ្វីដែលយើងធ្វើមិនកើតនោះឡើយ។ ២៨ ហេតុនេះហើយបានជាយើងប្រាប់អ្នកថា: យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ និងក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងដណ្ដើមយកក្រុងនេះ។ ២៩ ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកំទេចទីក្រុង ហើយដុតកំទេចផ្ទះដែលមានកន្លែងដុតគ្រឿងសក្ការៈនៅតាមដំបូលសំរាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំអោយយើងខឹង។
៣០ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ចេះតែនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលទាស់ចិត្តយើងតាំងពីដើមរៀងមក។ ជនជាតិអ៊ីស្រាអែលចេះតែធ្វើអោយយើងខឹង ព្រោះតែស្នាដៃរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣១ អ្នកក្រុងយេរូសាឡឹមតែងតែធ្វើអោយយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកទល់សព្វថ្ងៃ ជាហេតុនាំអោយយើងបណ្ដេញពួកគេចេញពីមុខយើង។ ៣២ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា គឺទាំងប្រជាជន ទាំងស្ដេច ទាំងមន្ត្រី ទាំងបូជាចារ្យ ទាំងព្យាការី ទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹមនាំគ្នាប្រព្រឹត្តអំពើអាក្រក់បញ្ឆេះកំហឹងយើង។ ៣៣ ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។ ៣៤ ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើអោយកន្លែងនេះក្លាយទៅជាសៅហ្មង។ ៣៥ ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សំរាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណូម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់អោយគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើអោយជនជាតិយូដាមានទោសព្រោះតែអំពើព្រៃផ្សៃ»។
៣៦ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើងព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងសុំប្រាប់អ្នកអោយបានដឹងអំពីក្រុងដែលអ្នកពោលថា នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយអ្នកក្រុងនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ៣៧ នៅគ្រាដែលយើងខឹងសម្បារ យើងបានកំចាត់កំចាយប្រជាជននេះអោយទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ អោយរស់នៅយ៉ាងសុខសាន្ត។ ៣៨ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ ៣៩ យើងនឹងអោយពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។ ៤០ យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខអោយពួកគេរហូត យើងនឹងអោយពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំអោយពួកគេងាកចេញពីយើង។ ៤១ យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខអោយពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីអោយពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
៤២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងធ្វើអោយប្រជាជននេះរងទុក្ខវេទនាខ្លាំងយ៉ាងណា យើងក៏ធ្វើអោយពួកគេមានសុភមង្គលគ្រប់ប្រការ តាមពាក្យសន្យារបស់យើងយ៉ាងនោះដែរ។ ៤៣ គេនឹងនៅតែទិញដីធ្លីក្នុងស្រុកដែលអ្នកពោលថា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ជាស្រុកដែលវិនាសហិនហោចលែងមានមនុស្ស សត្វរស់នៅតទៅទៀត។ ៤៤ គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីអោយដឹងឮផង គឺនៅក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។