៤៥
លោក​យេរេមា​សំរាល​ទុក្ខ​លោក​បារូក
១ នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា សរសេរ​ព្រះបន្ទូល​ទាំង​នេះ​តាម​លោក​យេរេមា​ថ្លែង​ប្រាប់​ទុក​ក្នុង​ក្រាំង​មួយ។ ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​មក​កាន់​លោក​បារូក​ថា៖
២ «បារូក​អើយ ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​អំពី​អ្នក​ដូច​ត​ទៅ: ៣ អ្នក​ពោល​ថា “ខ្ញុំ​ត្រូវ​វេទនា​ហើយ! ដ្បិត​ព្រះអម្ចាស់​ធ្វើ​អោយ​ខ្ញុំ​មាន​ទុក្ខ​កង្វល់ ថែម​ពី​លើ​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​កំពុង​តែ​មាន​ស្រាប់ ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ខ្ញុំ​មាន​ទុក្ខ​ឥត​ស្បើយ”។ ៤ ព្រះអង្គ​អោយ​ខ្ញុំ​ប្រាប់​អ្នក​ថា “យើង​នឹង​កំទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ។ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។ ៥ រីឯ​អ្នក តើ​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ឧត្ដុង្គឧត្ដម​ឬ? កុំ​មាន​បំណង​ដូច្នេះ​ទៀត​ឡើយ! ដ្បិត​យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា កើត​មាន​ដល់​សត្វ​លោក​ទាំង​មូល - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់- តែ​យើង​នឹង​អោយ​អ្នក​បាន​រួច​ជីវិត នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។