សេចក្ដី​ប្រកាស​អំពី​ប្រជាជាតិ​នានា
៤៦
ព្រះបន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប
១ នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ប្រជាជាតិ​ទាំងឡាយ។
២ នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះចៅ​ផារ៉ោននេកោ ជា​ស្ដេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កើកេមីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប និង​កងទ័ព​របស់​ព្រះចៅ​ផារ៉ោននេកោ​ដូច​ត​ទៅ៖
៣ «ពួក​មេទ័ព​អេស៊ីប​ស្រែក​ឡើង​ថា:
ចូរ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំ
ចូរ​រៀបចំ​ខ្លួន​ចូល​ច្បាំង!
៤ ទ័ព​សេះ ត្រូវ​ចង​បង្ហៀរ​សេះ
ហើយ​ឡើង​ជិះ​ទៅ!
ចូរ​តំរៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក
សំលៀង​មុខ​លំពែង ហើយ​ពាក់​អាវក្រោះ​ទៅ!
៥ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេ
ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ?
ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយ
ទាហាន​ដ៏​ខ្លាំង​ពូកែ ត្រូវ​ខ្មាំង​សម្លាប់
ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយ
ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៦ អ្នក​រត់​លឿន ពុំ​អាច​រត់​រួច​ខ្លួន​បាន​ឡើយ!
អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​បាន​ដែរ!
នៅ​ទិស​ខាង​ជើង
ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។
៧ តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់ជោរ​ឡើង
ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?
៨ គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូច
ទន្លេ​នីល​ជន់ជោរ​ឡើង
ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង
ដ្បិត​គេ​ពោល​ថា:
ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែនដី ខ្ញុំ​នឹង​វាយ​ក្រុង
ព្រម​ទាំង​ប្រជាជន​ទាំង​អស់​អោយ​វិនាស។
៩ ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សំរុក​ទៅ!
រទេះ​ចំបាំង ចូរ​សំរុក​ទៅ​មុខ​យ៉ាង​លឿន!
ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូពី ស្រុក​ពូធ
ដែល​ជា​អ្នក​កាន់​ខែល
និង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញ
ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!
១០ ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះជាអម្ចាស់
សងសឹក​ខ្មាំង​សត្រូវ។
មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ
ហើយ​មាន​ឈាម​ដាប​គ្រប់​ទិសទី។
ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះជាអម្ចាស់
នៃ​ពិភព​ទាំង​មូល
ធ្វើ​យញ្ញបូជា នៅ​ស្រុក​ខាង​ជើង
តាម​មាត់​ទន្លេ​អឺប្រាត។
១១ ជន​ជាតិ​អេស៊ីប​អើយ
ចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹត
ទើប​បាន​ធូរ​ស្បើយ!
តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេ
ព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្ដិសិទ្ធិ
ជួយ​អ្នក​អោយ​ជា​សះស្បើយ​បាន​ឡើយ។
១២ ប្រជាជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់
ព្រោះ​សំរែក​របស់​អ្នក
លាន់​ឮ​ពាសពេញ​លើ​ផែនដី។
ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា
ដួល​ស្លាប់​ទាំង​ពីរ​នាក់»។
១៣ នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​ប្រាប់​ព្យាការី​យេរេមា​អំពី​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ត្រូវ​ទៅ​វាយ​ស្រុក​អេស៊ីប៖
១៤ «ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីប
ចូរ​ប្រាប់​អោយ​គេ​ដឹង​នៅ​ក្រុង​មីគដូល
ចូរ​ប្រាប់​អោយ​គេ​ដឹង​នៅ​ក្រុង​ណូប
និង​ក្រុង​តាផាណែស!
ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ
ដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំវិញ​អ្នក​ហើយ!
១៥ ហេតុ​អ្វី​បាន​ជា​ព្រះ​គោដ៏​ខ្លាំង​ពូកែ​របស់​អ្នក
បែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ?
នៅ​ពេល​ព្រះអម្ចាស់​ផ្ដួល​រំលំ
ពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។
១៦ ព្រះអង្គ​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ
ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា
ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង
វិល​ត្រឡប់​ទៅ​មាតុភូមិ​របស់​យើង​វិញ
ដើម្បី​គេច​អោយ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។
១៧ នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះចៅ​ផារ៉ោន
ជា​ស្ដេច​ស្រុក​អេស៊ីប​ថា
“កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។
១៨ ព្រះមហាក្សត្រ​ដែល​មាន​ព្រះនាម​ថា
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះបន្ទូល ដោយ​យក​ព្រះជន្ម​របស់
ព្រះអង្គ​ផ្ទាល់​ជា​សាក្សី​ថា៖
«តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ
ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា
ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។
១៩ ប្រជាជន​ស្រុក​អេស៊ីប​អើយ
ចូរ​វេច​បង្វេច​ទៅ
ដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។
ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​កន្លែង​ដែល​ឆេះ​ខ្ទេចខ្ទី
គ្មាន​នរណា​រស់​នៅ។
២០ ស្រុក​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាត
តែ​នឹង​មាន​មូស​ដ៏​សាហាវ
ពី​ទិស​ខាង​ជើង​មក​ខាំ។
២១ ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំង
អោយ​ពួក​គេ
សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន
តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ
គេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូទ្រាំ​បាន​ទេ
ដ្បិត​ថ្ងៃ​មហន្តរាយ
គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ
បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។
២២ ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ
កងទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀមស្ងាត់
ដូច​ពស់​ដែល​កំពុង​លូន។
សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស
កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។
២៣ ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ
ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ
ដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនា
គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
២៤ ប្រជាជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់
ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន
ដែល​មក​ពី​ទិស​ខាង​ជើង»។
២៥ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់
ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖
«យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូ
ព្រម​ទាំង​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប
គឺ​យើង​ដាក់​ទោស​ព្រះ និង​ស្ដេច​ស្រុក​អេស៊ីប
យើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែល
ផ្ញើ​ជីវិត​លើ​ស្ដេច​នេះ។
២៦ យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់
អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ
គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា
ជា​ស្ដេច​ស្រុក​បាប៊ីឡូន
និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។
ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន
មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
២៧ កូន​ចៅ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង​អើយ
កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
កូន​ចៅ​អ៊ីស្រាអែល​អើយ កុំ​អស់​សង្ឃឹម!
យើង​នឹង​សង្គ្រោះ​អ្នក​អោយ​វិល​ត្រឡប់
មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ
យើង​នឹង​សង្គ្រោះ​ពូជពង្ស​របស់​អ្នក
ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។
កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ
គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេមក្សាន្ត
គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។
២៨ កូន​ចៅ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង​អើយ
កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ -
យើង​ស្ថិត​នៅ​ជា​មួយ​អ្នក
យើង​នឹង​លុប​បំបាត់​ប្រជាជាតិ​នានា
ដែល​យើង​បាន​កំចាត់កំចាយ​អ្នក
អោយ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ
តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។
យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌
យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា
គ្មាន​ទោស​បាន​ទេ»។