២
កំណើតព្រះយេស៊ូ
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ ២ ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ ៣ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ ៤ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ ៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ៦ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ ៧ នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ទេវតាប្រកាសអំពីកំណើតព្រះយេស៊ូប្រាប់ពួកគង្វាល
៨ ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ៩ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។ ១០ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើអោយប្រជារាស្ត្រទាំងមូល មានអំណរដ៏លើសលប់។ ១១ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្ដជាអម្ចាស់។ ១២ នេះជាសញ្ញាសំគាល់អោយអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
១៣ រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ ១៤ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។
១៥ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញ អស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសំដែងអោយយើងដឹងនោះមើល៍»។ ១៦ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ១៧ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។ ១៨ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ ១៩ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ ២០ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញ បានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
២១ ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា*បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។
ពិធីថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
២២ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជំរះកាយ អោយបានបរិសុទ្ធ*តាមវិន័យ*លោកម៉ូសេ*បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ២៣ ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ ២៤ អ្នកទាំងពីរថ្វាយយញ្ញបូជា ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដែលតំរូវអោយថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ”។
២៥ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសំរាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់ ២៦ ហើយសំដែងអោយគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដ* ដែលព្រះអម្ចាស់ចាត់អោយមកទេនោះ។ ២៧ ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ* ២៨ លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
២៩ «បពិត្រព្រះដ៏ជាចៅហ្វាយ!
ឥឡូវនេះ ព្រះអង្គបានសំរេចតាម
ព្រះបន្ទូលសន្យាហើយ។
ដូច្នេះ សូមអោយទូលបង្គំ
ជាអ្នកបំរើរបស់ព្រះអង្គ
លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ
៣០ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
៣១ ដែលព្រះអង្គបានប្រទានមកអោយ
ប្រជាជាតិទាំងអស់
៣២ គឺជាពន្លឺដែលនាំអោយមនុស្ស
គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ
និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល
ជាប្រជារាស្ត្រព្រះអង្គ»។
ពាក្យទំនាយរបស់លោកស៊ីម្មាន
៣៣ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍ អំពីព្រះឱរសណាស់។ ៣៤ លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីអោយជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ ៣៥ បុត្រនេះធ្វើអោយគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ត របស់នាង»។
ពាក្យទំនាយរបស់ព្យាការិនីអាណ
៣៦ មានព្យាការិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធ*អេស៊ើរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ ៣៧ គាត់នៅមេម៉ាយរហូត ឥឡូវនេះគាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ*ទេ គាត់នៅគោរពបំរើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។ ៣៨ ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។
ព្រះឱរសត្រឡប់ទៅភូមិណាសារ៉ែតវិញ
៣៩ កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យ*របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ ៤០ ព្រះកុមារមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។
ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
៤១ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតាបិតារបស់ព្រះយេស៊ូ តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ ៤២ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ ៤៣ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ ៤៤ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ៤៥ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ ៤៦ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ* ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ* កំពុងតែស្ដាប់គេនិយាយព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ ៤៧ អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ ៤៨ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។ ៤៩ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។ ៥០ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។
៥១ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ ៥២ ព្រះយេស៊ូមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។