១៦
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨:១-៨ លូកា ២៤:១-១២ យ៉ូហាន ២០:១-១០)
១ លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ ២ ព្រលឹមឡើងថ្ងៃអាទិត្យនាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ ៣ ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរអោយយើង?»។ ៤ ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ ៥ នាងចូលទៅក្នុងផ្នូរឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ ៦ អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់មិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ ៧ ចូរនាងទៅប្រាប់សិស្សរបស់ព្រះអង្គ ព្រមទាំងលោកពេត្រុសផងថា “ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចទ្រង់មានព្រះបន្ទូលទុកស្រាប់”»។ ៨ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។
ព្រះយេស៊ូបង្ហាញព្រះអង្គអោយសិស្សឃើញ
[ ៩ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនអោយនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។ ១០ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ១១ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។
១២ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គអោយសិស្ស*ពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ ១៣ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្ស*ឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។
១៤ នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនអោយសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
១៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ*ដល់មនុស្សលោកទាំងអស់ចុះ។ ១៦ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ ១៧ អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ១៨ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺអ្នកជំងឺនឹងបានជាសះស្បើយ»។
១៩ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* អោយគង់នៅខាងស្ដាំព្រះអង្គ។ ២០ ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូលដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។]