១០
ជនជាតិអ៊ីស្រាអែលលែងប្រពន្ធដែលជាសាសន៍ដទៃ
១ ពេលលោកអែសរ៉ាក្រាបនៅមុខព្រះដំណាក់ព្រះជាម្ចាស់ លោកទូលអង្វរ និងលន់តួបាបទាំងសំរក់ទឹកភ្នែក ជនជាតិអ៊ីស្រាអែលជាច្រើន ទាំងប្រុសទាំងស្រី និងក្មេង នាំគ្នាមកជុំវិញលោកហើយយំសោកយ៉ាងខ្លាំង។
២ ពេលនោះ លោកសេកានាជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជំរាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ជនជាតិអ៊ីស្រាអែលនៅតែមានសង្ឃឹម។
៣ យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមអោយបានសំរេចតាមក្រឹត្យវិន័យចុះ។
៤ សូមលោកក្រោកឡើងហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសំរេចកិច្ចការនេះទៅ»។
៥ លោកអែសរ៉ាក្រោកឡើង បង្គាប់មេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងមូលអោយស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានា។ ពួកគេក៏នាំគ្នាស្បថ។
៦ បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ លោកមិនព្រមពិសាអាហារ ឬទឹកឡើយ ដ្បិតលោកនៅតែសោកសង្រេង ដោយសារកំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។
៧ បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់អោយអស់អ្នកដែលជាប់ជាឈ្លើយហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។
៨ អ្នកណាមិនព្រមមកក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសំរេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។
៩ ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងបេនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។
១០ លោកបូជាចារ្យអែសរ៉ាក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ធ្វើអោយជនជាតិអ៊ីស្រាអែលរឹតតែមានទោស។
១១ ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
១២ សហគមន៍ទាំងមូលឆ្លើយតបដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!
១៣ ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញ ទៀតកិច្ចការនេះពុំអាចសំរេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។
១៤ សូមអោយមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និងអ្នកគ្រប់គ្រងក្រុងនីមួយៗបានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។
១៥ មានតែលោកយ៉ូណាថាន ជាកូនរបស់លោកអេសាអែល និងលោកយ៉ាហាសយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះ ដែលជំទាស់នឹងការសំរេចនេះ ដោយមានការគាំទ្រពីសំណាក់លោកមស៊ូឡាម និងលោកសាប់ថាយពីក្រុមលេវី។
១៦ ប្រជាជនដែលជាប់ជាឈ្លើយហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។
១៧ នៅថ្ងៃទីមួយក្នុងខែទីមួយ គេបង្ហើយការពិនិត្យមើលសំណុំរឿងរបស់អស់អ្នកដែលរៀបការនឹងស្ត្រីសាសន៍ដទៃនោះ។
បញ្ជីឈ្មោះជនជាតិយូដាដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃ
១៨ ក្នុងចំណោមក្រុមបូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។
១៩ ពួកគេបានសន្យាថា នឹងលែងលះប្រពន្ធរបស់ខ្លួន ហើយថ្វាយចៀមឈ្មោលមួយជាយញ្ញបូជារំដោះបាប។
២០ បន្ទាប់មក មានកូនចៅលោកអ៊ីមមើរ គឺលោកហាណានី និងលោកសេបាឌា
២១ កូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និងលោកអ៊ូស៊ីយ៉ា
២២ កូនចៅលោកប៉ាសហ៊ើរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេថានេល លោកយ៉ូសាបាដ និងលោកអេឡាសារ។
២៣ ក្នុងចំណោមក្រុមលេវី មានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីថា លោកពេថាហ៊ីយ៉ា និងលោកអេលាស៊ើរ។
២៤ ក្នុងចំណោមក្រុមចំរៀងមានលោក អេលី-យ៉ាស៊ីប។ ក្នុងចំណោមក្រុមយាមទ្វារមានលោកសាលូម លោកថេលែម និងលោកអ៊ូរី។
២៥ ក្នុងចំណោមជនជាតិអ៊ីស្រាអែល: កូនចៅលោកប៉ារ៉ូសមានលោករ៉ាម៉ា លោកយីសយ៉ា លោកម៉ាល់គា លោកមីយ៉ាមីម លោកអេឡាសារ លោកម៉ាល់គា និងលោកបេណាយ៉ា។
២៦ កូនចៅលោកអេឡាំមានលោកម៉ាថានា លោកសាការី លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។
២៧ កូនចៅលោកសាធូមានលោកអេលីយ៉ូណៃ លោកអេលីយ៉ាស៊ីប លោកម៉ាថានា លោកយេរេម៉ុត លោកសាបាដ និងអស៊ីសា។
២៨ កូនចៅលោកបេបៃមានលោកយ៉ូហាណាន លោកហាណានា លោកសាប់បាយ និងលោកអ័តឡាយ។
២៩ កូនចៅលោកបានី មាន លោកមស៊ូឡាំ លោកម៉ាលូក លោកអដាយ៉ា លោកយ៉ាស៊ូប លោកស្អាល និងលោករ៉ាម៉ូត។
៣០ កូនចៅលោកប៉ាហាត់-ម៉ូអាប់ មាន លោកអាដណា លោកកេឡាល លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាថានា លោកបេសាលាល លោកប៊ីនុយ និងលោកម៉ាណាសេ។
៣១ កូនចៅលោកហារីមមានលោកអេលាស៊ើរ លោកយីសយ៉ា លោកម៉ាល់គា លោកសេម៉ាយ៉ា លោកស៊ីម្មាន
៣២ លោកបេនយ៉ាមីន លោកម៉ាលូក និងលោកសេម៉ារីយ៉ា។
៣៣ កូនចៅលោកហាស៊ូមមានលោកម៉ាថ្នាយ លោកម៉ាត់ថាត់ថា លោកសាបាដ លោកអេលីផាលេត លោកយេរេម៉ៃ លោកម៉ាណាសេ និងលោកស៊ីម៉ៃ។
៣៤ កូនចៅលោកបានី មាន លោកម៉ាដាយ លោកអាំរ៉ាម លោកអ៊ូអែល
៣៥ លោកបេណាយ៉ា លោកបេឌីយ៉ា លោកកេលូហ៊ូវ
៣៦ លោកវ៉ានីយ៉ា លោកម្រេម៉ុត លោកអេលីយ៉ាស៊ីប
៣៧ លោកម៉ាថានា លោកម៉ាថ្នាយ លោកយាសាយ
៣៨ លោកបានី លោកប៊ីនុយ លោកស៊ីម៉ៃ
៣៩ លោកសេលេមា លោកណាថាន លោកអដាយ៉ា
៤០ លោកម៉ាក់ណាដបៃ លោកសាសៃ លោកសារ៉ៃ
៤១ លោកអសារាល លោកសេលេមា លោកសេម៉ារីយ៉ា
៤២ លោកសាលូម លោកអម៉ារា និងលោកយ៉ូសែប។
៤៣ កូនចៅលោកនេបូមានលោកយីអែល លោកម៉ាធិធា លោកសាបាដ លោកសេប៊ីណា លោកយ៉ាដៃ លោកយ៉ូអែល និងលោកបេណាយ៉ា។
៤៤ អ្នកទាំងនេះបានរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយមួយចំនួនមានកូនទៀតផង៕