នេហេមា
១
លោកនេហេមាទូលអង្វរអោយជនជាតិយូដា
១ នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគសិរក្នុងឆ្នាំទីម្ភៃ នៃរជ្ជកាលព្រះចៅអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច
២ មានបងប្អូនខ្ញុំម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។
៣ អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដាដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។
៤ ពេលខ្ញុំឮពាក្យទាំងនោះខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូលអង្វរព្រះនៃស្ថានបរមសុខ។
៥ ខ្ញុំទូលព្រះអង្គដូចតទៅ:
«បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។
៦ សូមផ្ទៀងព្រះកាណ៌ស្ដាប់ ព្រមទាំងទតមើលមកទូលបង្គំ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គផង។ ទូលបង្គំកំពុងតែទូលអង្វរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គទាំងថ្ងៃទាំងយប់ សូមព្រះអង្គប្រណីសន្ដោសជនជាតិអ៊ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ។ ទូលបង្គំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រាអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។
៧ យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គឡើយ។
៨ សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
៩ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្ដី ក៏យើងប្រមូលផ្ដុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើស សំរាប់សំដែងនាមយើងនេះវិញដែរ”។
១០ យើងខ្ញុំជាអ្នកបំរើរបស់ព្រះអង្គ ជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិ និងបារមីដ៏ខ្លាំងពូកែ។
១១ បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបំរើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានអោយទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមអោយព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។