៥
ព្រះនាងអេសធើរចូលគាល់ស្ដេច
១ លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងសំរាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្ដេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។
២ ពេលព្រះរាជាទតឃើញព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានព្រះហឫទ័យមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសថ្វាយព្រះនាងអេសធើរ ព្រះនាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។
៣ ស្ដេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានអោយទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។
៤ ព្រះនាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណាយាងទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ានដែរ»។
៥ ព្រះរាជាចេញបញ្ជាអោយគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធើរ។ បន្ទាប់មកព្រះរាជា និងលោកហាម៉ាន ក៏យាង និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។
៦ ក្នុងពេលសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «តើមហាក្សត្រិយានីចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានអោយដែរ»។
៧ ព្រះនាងអេសធើរទូលស្ដេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ?
៨ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណាព្រមទាំងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណា អំពីសំណូមពររបស់ខ្ញុំម្ចាស់»។
៩ ថ្ងៃនោះលោកហាម៉ានចាកចេញទៅដោយមានចិត្តត្រេកអរសប្បាយរកអ្វីប្រៀបស្មើពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះ លោកហាម៉ានខឹងនឹងលោកម៉ាដេកាយជាខ្លាំង។
១០ លោកទប់ចិត្តហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានអោយគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។
១១ លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានអោយលោកធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
១២ លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត អោយទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជប់លៀងជាមួយព្រះរាជាទៀត។
១៣ ទោះបីមានកិត្តិយសយ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយជាជនជាតិយូដាប្រចាំការនៅមាត់ទ្វារវាំង»។
១៤ លោកស្រីសេរែសជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរអោយគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែកលោកទូលសូមព្រះរាជាព្យួរកម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ លោកក៏អោយគេដំឡើងបង្គោល។