៦
លោកម៉ាដេកាយទទួលកិត្តិយស
១ នៅយប់នោះព្រះរាជាផ្ទំមិនលក់ ស្ដេចបញ្ជា អោយគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។
២ គេអានត្រង់កន្លែងលោកម៉ាដេកាយវែកមុខមហាតលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេចគឺលោកប៊ីគថាន និងលោកថេរែស ដែលប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
៣ ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូ លស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។
៤ ព្រះរាជាមានរាជឱង្ការសួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះរាជា ដើម្បីទូលសូមស្ដេចព្យួរ ក លោកម៉ាដេកាយ នៅលើបង្គោលដែលលោកបានដំឡើង។
៥ ពួករាជបំរើទូលស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «អោយលោកចូលមកចុះ!»។
៦ លោកហាម៉ានក៏ចូលមក ហើយព្រះរាជាសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសអោយ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំគ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសអោយនោះឡើយ!»។
៧ លោកហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យផ្ដល់កិត្តិយសនោះ
៨ ត្រូវអោយគេយកព្រះភូសារបស់ព្រះរាជាមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ព្រះរាជា គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកអោយគាត់ជិះ។
៩ សូមចាត់មន្ត្រីម្នាក់របស់ព្រះករុណា អោយយកព្រះភូសាទៅបំពាក់ជូនបុរសនោះ ហើយអោយគាត់ឡើងជិះសេះរបស់ព្រះករុណា រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ព្រះរាជាប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
១០ ព្រះរាជាមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «បើដូច្នេះសុំលោកប្រញាប់យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយអោយគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ អោយបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។
១១ លោកហាម៉ានក៏យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ហើយអោយលោកឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុងទាំងប្រកាសថា «ព្រះរាជាប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
១២ បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
១៣ លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះលោក។ ទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរែសជាភរិយា ពោលទៅកាន់លោកថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។
១៤ អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។