៧
លោកយ៉ូបរអ៊ូរទាំនឹងព្រះជាម្ចាស់
១ ជីវិតរបស់មនុស្សនៅលើផែនដី
មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ
អោយធ្វើការជាទម្ងន់ទេ
ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី
អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
២ ទាសករប្រាថ្នាជ្រកក្រោមម្លប់
ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា
៣ ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ
ហើយរងទុក្ខសោកជាច្រើនយប់
យ៉ាងនោះដែរ។
៤ ពេលខ្ញុំចូលដំណេកខ្ញុំពោលថា
“តើពេលណាខ្ញុំនឹងក្រោកឡើងបាន?”
ប៉ុន្តែ យប់ពន្យារកាន់តែយូរ
ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។
៥ រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ
ស្បែករបស់ខ្ញុំប្រេះហើយរលួយ។
៦ អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ
លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត!
ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
៧ សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំ
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
៨ ព្រះអង្គទតមកទូលបង្គំ
តែលែងឃើញទូលបង្គំទៀតហើយ
ព្រះអង្គនឹងខំរកមើលទូលបង្គំ
តែទូលបង្គំបាត់សូន្យទៅ។
៩ ពពកតែងតែរសាត់បាត់ទៅ
រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់
ក៏ពុំអាចឡើងមកវិញបានដែរ។
១០ គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ
ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
១១ ហេតុនេះទូលបង្គំមិនអាចនៅស្ងៀមបានឡើយ
ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត
ទូលបង្គំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
១២ តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សំបើម
ដែលរស់នៅក្នុងសមុទ្រឬ
បានជាព្រះអង្គដាក់អ្នកយាមល្បាត
នៅជុំវិញទូលបង្គំបែបនេះ?
១៣ ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេក
នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
១៤ ប៉ុន្តែ ព្រះអង្គធ្វើអោយទូលបង្គំភ័យតក់ស្លុត
ដោយយល់សប្ដិអាក្រក់
ព្រះអង្គធ្វើអោយទូលបង្គំញ័ររន្ធត់
ដោយឃើញសុបិននិមិត្តមិនល្អ។
១៥ ទូលបង្គំចង់អត់ដង្ហើមស្លាប់
ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
១៦ ទូលបង្គំឆ្អែតចិត្តណាស់
ទូលបង្គំមិនចង់រស់រហូតទេ
សូមទុកទូលបង្គំអោយនៅតែឯង
ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
១៧ តើមនុស្សលោកជាអ្វី
បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ
ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ
យ៉ាងខ្លាំងដូច្នេះ?
១៨ ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក
ព្រះអង្គល្បងលគេគ្រប់ពេលវេលា។
១៩ តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ
ដល់កាលណាទៀត
សូមទុកអោយទូលបង្គំមានពេល
លេបទឹកមាត់ផង។
២០ ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន
តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ដូចជាផ្ទាំងស៊ីប?
តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
២១ តើព្រះអង្គលើកលែងទោសអោយទូលបង្គំ
និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ?
ដ្បិតបន្តិចទៀតទូលបង្គំនឹងទៅនៅក្នុងផ្នូរ
ព្រះអង្គនឹងរកទូលបង្គំ
តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។