ប្រសាសន៍​របស់​លោក​ប៊ីលដាដ: កំហុស​តែងតែ​នាំ​មក​នូវ​ទុក្ខ​ទោស
១ លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា
មាន​ប្រសាសន៍​ថា៖
២ «តើ​លោក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះ
ដល់​កាល​ណា?
តើ​លោក​បញ្ចេញ​ពាក្យ​សំដី
ដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត?
៣ តើ​ព្រះជាម្ចាស់​បង្ខូច​យុត្តិធម៌​ឬ
តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត
បង្ខូច​សេចក្ដី​សុចរិត​ឬ?
៤ ប្រសិន​បើ​កូន​ប្រុស​របស់​លោក​ប្រព្រឹត្ត
អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ
ព្រះអង្គ​ដាក់​ទោស​ពួក​គេ
តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
៥ ចំណែក​ឯ​លោក​វិញ បើ​លោក​ស្វែង​រក​ព្រះអង្គ
បើ​លោក​អង្វរ​ករ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព
ខ្ពង់ខ្ពស់​បំផុត
៦ បើ​លោក​ពិត​ជា​ត្រឹម​ត្រូវ និង​ទៀង​ត្រង់​មែន
ព្រះអង្គ​មុខ​ជា​ជួយ​លោក
ហើយ​ស្ដារ​ស្ថានភាព​របស់​លោក
អោយ​បាន​យុត្តិធម៌​ដូច​ដើម​ឡើង​វិញ។
៧ អ្វីៗ​ដែល​លោក​ធ្លាប់​មាន​ពី​មុន
ហាក់​ដូច​ជា​បន្តិចបន្តួច​ប៉ុណ្ណោះ
ដ្បិត​អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​នៅ​ពេល​ខាង​មុខ
មាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។
៨ ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុន
ហើយ​រំពឹង​គិត​អំពី​បទ​ពិសោធ
ដែល​ដូនតា​របស់​លោក​រក​ឃើញ
៩ ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដី
យើង​មិន​ដឹង​អ្វី​ទាំង​អស់
អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ
ប្រៀប​ដូច​ជា​ស្រមោល។
១០ សូម​ទុក​អោយ​ចាស់​ទុំ​ប្រៀនប្រដៅ​លោក​ចុះ
ចាស់​ទុំ​នឹង​ប្រាប់​អោយ​លោក​ជ្រាប
នូវ​អ្វីៗ​ដែល​ពួក​លោក​ធ្លាប់​ដឹង។
១១ តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំង
ហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែង
ដែល​គ្មាន​ទឹក​បាន​ឬ?
១២ បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចី
ទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយ
ក៏​វា​ក្រៀម​ស្ងួត
មុន​តិណជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។
១៣ រីឯ​អស់​អ្នក​ដែល​បំភ្លេច​ព្រះជាម្ចាស់
ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរ
សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡ
នឹង​រលាយ​សូន្យ។
១៤ បង្អែក​របស់​គេ​ត្រូវ​បាក់
អ្វីៗ​ដែល​គេ​ទុក​ចិត្ត
ប្រៀប​ដូច​ជា​សំបុក​ពីងពាង។
១៥ គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ
គេ​ខំ​ប្រឹង​តោង​ផ្ទះ
តែ​ផ្ទះ​មិន​នៅ​ស្ថិតស្ថេរ​ឡើយ។
១៦ គេ​ប្រៀប​បាន​នឹង​រុក្ខជាតិ​ដ៏​រឹងមាំ
ព្រោះ​សម្បូណ៌​កំដៅ​ថ្ងៃ
ហើយ​បែក​មែក​សាខា​ពាសពេញ​ឧទ្យាន។
១៧ ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម
ហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។
១៨ ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រំលើង​ចេញ​ពី​កន្លែង
របស់​ខ្លួន​ហើយ​នោះ
សូម្បី​តែ​ញាតិសន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!
១៩ មនុស្ស​ទមិឡ​រមែង​ទទួល​ផល​បែប​នេះ
ហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។
២០ ព្រះជាម្ចាស់​មិន​បោះ​បង់​ចោល
មនុស្ស​គ្មាន​កំហុស​ឡើយ
ហើយ​ព្រះអង្គ​ក៏​មិន​ពង្រឹង​អំណាច​របស់
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។
២១ បន្តិច​ទៀត​ព្រះអង្គ​នឹង​ប្រទាន​អោយ​លោក
សើច​សប្បាយ​ឡើង​វិញ
ហើយ​អោយ​លោក​បន្លឺ​សំឡេង​ដោយ​អំណរ។
២២ អស់​អ្នក​ដែល​ស្អប់​លោក នឹង​ត្រូវ​អាម៉ាស់
ហើយ​លំនៅ​របស់​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ»។