៩
ចម្លើយរបស់លោកយ៉ូប: ខ្ញុំមិនអាចតទល់នឹងព្រះជាម្ចាស់បានទេ
១ លោកយ៉ូបមានប្រសាសន៍តបវិញថា៖
២ ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើតមានដូច្នោះមែន។
មនុស្សមិនអាចតវ៉ានៅចំពោះ
ព្រះភក្ត្រព្រះជាម្ចាស់ថាខ្លួនសុចរិតបានឡើយ។
៣ បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ
ក្នុងមួយពាន់សំណួរ
សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
៤ ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ
និងមហិទ្ធិឫទ្ធិ
អ្នកដែលប្រឆាំងនឹងព្រះអង្គ
មិនអាចរួចខ្លួនបានទេ។
៥ ព្រះអង្គរើភ្នំទាំងឡាយ មិនអោយវាដឹងខ្លួន
ព្រះអង្គរំលើងភ្នំ ដោយសារព្រះពិរោធរបស់ព្រះអង្គ។
៦ ព្រះអង្គធ្វើអោយផែនដីកក្រើកនៅលើគ្រឹះរបស់វា
ហើយសសររបស់វាក៏រញ្ជួយដែរ។
៧ ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ
នោះថ្ងៃមិនរះទេ
ព្រះអង្គក៏ឃាត់ផ្កាយមិនអោយចាំងពន្លឺដែរ។
៨ ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ
ដោយគ្មាននរណាជួយ
ព្រះអង្គយាងនៅលើរលកសមុទ្រ។
៩ ព្រះអង្គបានបង្កើតផ្កាយក្រពើ
ផ្កាយនង្គ័ល និងផ្កាយកូនមាន់
ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
១០ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ
ដែលពុំអាចយល់បាន
ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
១១ ព្រះអង្គយាងមកក្បែរខ្ញុំ
ក៏ខ្ញុំមើលព្រះអង្គមិនឃើញ
ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។
១២ ពេលព្រះអង្គដកយកអ្វីទៅហើយ
គ្មាននរណាអាចឃាត់ព្រះអង្គបានទេ
ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា
“ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ”ដែរ។
១៣ ពេលព្រះអង្គព្រះពិរោធហើយ
ព្រះអង្គមិនប្រែព្រះហឫទ័យទេ
ព្រះអង្គបង្ក្រាបសត្វសំបើមនៅក្នុងសមុទ្រ
និងបរិវាររបស់វា។
១៤ ហេតុនេះតើអោយខ្ញុំឆ្លើយតបទៅព្រះអង្គ
ដូចម្ដេចបាន?
តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
១៥ ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង
ព្រះអង្គបានដែរ
គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ
មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
១៦ ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ
នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ
ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌
ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
១៧ ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ
ព្រះអង្គធ្វើអោយខ្ញុំមានរបួសកាន់តែច្រើន
ដោយឥតហេតុផល។
១៨ ព្រះអង្គមិនទុកអោយខ្ញុំមានពេលដកដង្ហើមទេ
ដ្បិតព្រះអង្គធ្វើអោយខ្ញុំឈឺចាប់ខ្លោចផ្សាពន់ប្រមាណ។
១៩ ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ
ព្រះអង្គមានឫទ្ធានុភាពជាង
ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌
តើនរណាហៅព្រះអង្គមកកាត់ក្ដី?
២០ ទោះបីខ្ញុំសុចរិតក្ដី
ក៏ពាក្យសំដីរបស់ខ្ញុំដាក់ទោសខ្ញុំ
ទោះបីខ្ញុំស្លូតត្រង់ក្ដី
ក៏ពាក្យសំដីរបស់ខ្ញុំអោយខ្ញុំខុសដែរ។
២១ តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ?
ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ!
ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។
២២ ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ!
ហេតុនេះហើយបានជាខ្ញុំពោលថា
“ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់
ទាំងមនុស្សអាក្រក់”។
២៣ ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល
អោយមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ
ព្រះអង្គសើចចំអកអោយគេ
នៅពេលដែលគេវេទនា។
២៤ ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់
ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ
បើព្រះអង្គមិនធ្វើបែបនេះទេ
តើនរណាជាអ្នកធ្វើ?
២៥ ពេលវេលារបស់ខ្ញុំខិតទៅមុខ
លឿនជាងអ្នកដែលរត់ទៅទៀត
គឺពេលវេលានេះចេះតែរត់ទៅមុខ
ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
២៦ ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ
លឿនជាងនាវា
ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
២៧ ប្រសិនបើខ្ញុំពោលថា:
“ខ្ញុំនឹងបំភ្លេចការសោកសង្រេង
ខ្ញុំនឹងធ្វើទឹកមុខរីករាយ
ហើយខំប្រឹងសើចសប្បាយឡើងវិញ”
២៨ នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ
ធ្វើអោយខ្ញុំតក់ស្លុត
ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា
មនុស្សគ្មានទោសឡើយ។
២៩ ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស
ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
៣០ ទោះបីទូលបង្គំយកទឹកមកលាងខ្លួន
ទោះបីទូលបង្គំយកសាប៊ូមកលាងដៃ
៣១ ក៏ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំ
ហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំ
ក៏ខ្ពើមទូលបង្គំដែរ។
៣២ ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំ
ដែលខ្ញុំអាចតវ៉ា
និងហៅឡើងទៅតុលាការបានឡើយ។
៣៣ គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល
សំរុះសំរួលរឿងរ៉ាវរវាង
ព្រះអង្គ នឹងខ្ញុំបានទេ។
៣៤ សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ
សូមកុំអោយព្រះពិរោធរបស់ព្រះអង្គ
ធ្វើអោយខ្ញុំញ័ររន្ធត់ទៀតឡើយ
៣៥ ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន
ដោយលែងភិតភ័យ។
ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!