១០
១ នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ:
លោកនេហេមាជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលា ជាចៅរបស់លោកសេដេគា
២ លោកសេរ៉ាយ៉ា លោកអសារា លោកយេរេមា
៣ លោកផាសហ៊ើរ លោកអម៉ារា លោកម៉ាល់គា
៤ លោកហាធូស លោកសេបានា លោកម៉ាលូក
៥ លោកហារីម លោកម្រេម៉ូត លោកអូបាឌា
៦ លោកដានីយ៉ែល លោកគីនេថោន លោកបារូក
៧ លោកមស៊ូឡាម លោកអប៊ីយ៉ា លោកមីយ៉ាមីន
៨ លោកមាស៊ា លោកប៊ីលកៃ លោកសេម៉ាយ៉ា។ លោកទាំងនោះសុទ្ធតែជាបូជាចារ្យ។
៩ ក្រុមលេវីមាន: លោកយេសួរ ជាកូនរបស់លោកអសានា លោកប៊ីនុយពីអំបូរហេណាដាដ លោកកាឌមាល
១០ ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានា លោកហូឌា លោកកេលីថា លោកពេឡាយ៉ា លោកហាណាន
១១ លោកមីកា លោករេហូប លោកហាសាបយ៉ា
១២ លោកសាគើរ លោកសេរេប៊ីយ៉ា លោកសេបានា
១៣ លោកហូឌា លោកបានី និងលោកបេនីនូ។
១៤ មេដឹកនាំរបស់ប្រជាជនមាន: លោកប៉ារ៉ូស លោកផាហាត-ម៉ូអាប់ លោកអេឡាម លោកសាធូ លោកបានី
១៥ លោកប៊ូននី លោកអាសកាដ លោកបេបាយ
១៦ លោកអដូនីយ៉ា លោកប៊ីគវ៉ាយ លោកអេឌីន
១៧ លោកអេធើរ លោកហេសេគា លោកអស៊ើរ
១៨ លោកហូឌា លោកហាស៊ូម លោកបេសាយ
១៩ លោកហារីប លោកអណាថូត លោកនេបៃ
២០ លោកម៉ាកពីអាស លោកមស៊ូឡាម លោកហេសៀរ
២១ លោកមសេសាបេល លោកសាដុក លោកយ៉ាដួរ
២២ លោកពេឡាធា លោកហាណាន លោកអណាយ៉ា
២៣ លោកហូសេ លោកហាណានា លោកហាស៊ូប
២៤ លោកហាឡូហេស លោកពីឡាហា លោកសូបេក
២៥ លោករេហ៊ូម លោកហាសាបណា លោកមាសេយ៉ា
២៦ លោកអហ៊ីយ៉ា លោកហាណាន លោកអណាន
២៧ លោកម៉ាលូក លោកហារីម លោកបាណា។
២៨ ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចំរៀង ក្រុមបំរើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន
២៩ នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អានដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមក្រឹត្យវិន័យដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
៣០ យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅអោយជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ អោយមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។
៣១ នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីអោយនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
៣២ យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំយើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សំរាប់តំរូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់
៣៣ គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗវត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។
៣៤ ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សំរាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំយើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងក្រឹត្យវិន័យ។
៣៥ យើងក៏សន្យាយកផលដំបូងនៃស្រែចំការ និងផ្លែឈើទាំងប៉ុន្មានមកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។
៣៦ យើងនឹងនាំកូនប្រុសច្បងរបស់យើងមកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើងមកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបំរើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។
៣៧ យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងតង្វាយដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខស្រាទំពាំងបាយជូរថ្មី និងប្រេងមកជូនក្រុមបូជាចារ្យ នៅក្នុងបន្ទប់អមនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងនឹងយកភោគផលពីដីរបស់យើងមួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចំការរបស់យើង។
៣៨ ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអើរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។
៣៩ ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបំរើការងារក្រុមយាមទ្វារ និងក្រុមចំរៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។